Baojun Yep សាកភ្លើងពេញម្តងជិះបាន ៣០០ គីឡូម៉ែត្រ ចេញតម្លៃលក់ជាផ្លូវការ តែជាង ១មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Baojun បានធ្វើការដាក់បង្ហាញចេញនៅតម្លៃលក់ជាផ្លូវការនៅរថយន្ត Baojun Yep ដែលជារថយន្តប្រភេទ​អគ្គិសនី Off-Road-style ខ្នាតតូច ជាមួយតម្លៃលក់ចាប់ពី ១១ ១១៤ ដុល្លារ ដល់ ១២ ៥០៧ ដុល្លារ នៅទីផ្សារប្រទេសចិន ។

Baojun Yep មានប្រវែងតួខ្លួនសរុប ៣ ៣៨១ ម.ម ទទឹង ១ ៦៨៥ ម.ម កំពស់ ១ ៧២១ ម.ម និងកំពស់ពីដីមកបាត ១៥០ មម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅ ក្រុមហ៊ុនឲ្យឈ្មោះថា Square Box Design Language ដោយនៅផ្នែកខាងមុខមានប៉ាណាជាប់ជាមួយចង្កៀងមុខថ្មី City Zebra ប្រភេទ LED ចំនួន ១៨៤គ្រាប់ ដំបូល roof rack ពណ៌ខ្មៅ ថាសកង់ស្ព័រទំហំ ១៥ អ៉ីញ និងចង្កៀងក្រោយប្រើប្រាស់ជា 3D ជាមួយអំពូល LED ចំនួន ១៦៤ គ្រាប់ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុង តុបតែងជា ២ពណ៌ គឺពណ៌ប្រផេះ និងបៃតង ដោយនៅលើតាប្លូមានដៃចង្កូតប្រភេទ 3-spoke និងអេក្រង់ភ្លោះទំហំ ១០,២៥ អ៉ីញ រន្ធម៉ាស៊ីនត្រជាក់រាងមូល កៅអីស្រោបដោយស្បែកអាចលៃតម្រូវបាន ៦ របៀបជាស្តង់ដារសម្រាប់អ្នកបើកបរ និង ៤ របៀបសម្រាប់អ្នកដំណើរផ្នែកខាងមុខជាដើម ។ លើសពីនេះ មានប្រព័ន្ធសុវត្ថិភាព ៦ មុខងារផងដែរ ។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៦៨ សេស និងកម្លាំងរមួល ១៤០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនី ២៨,១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣០៣ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ដោយគាំទ្រឆ្នាំងសាកល្បឿនលឿន DC អាចសាកពី ៣០% ឡើងដល់ ៨០% ត្រឹមរយះពេល ៣៥ នាទី និងបានបំពាក់ប្រព័ន្ធទប់លំនឹង MacPherson suspension នៅខាងមុខ និង Integral Link suspension នៅខាងក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម