Bentley ប្រកាសពីលក្ខណៈបច្ចេកទេសម៉ាស៊ីនឡាន Bentayga EWB ក្រោយការផលិតបានចាប់ផ្ដើម

[ទីផ្សារបរទេស] អតិថិជន Bentley អាចនឹងរីករាយពេលដែលបានដឹងថាការផលិតរថយន្ត Bentayga Extended Wheelbase បានចាប់ផ្ដើមនៅរោងចក្ររបស់ក្រុមហ៊ុនដែលស្ថិតនៅក្នុងទីក្រុង Crewe នៃចក្រភពអង់គ្លេស ហើយការដឹកជញ្ជូនក៏បានចាប់ផ្ដើមដូចគ្នា។

ជាមួយការផលិតបានចាប់ផ្ដើម ក្រុមហ៊ុន Bentley បានប្រកាសចេញលក្ខណៈសម្បត្តិពេញនៃរថយន្ត SUV ប្រណីតនេះ ដោយវាមានបំពាក់ម៉ាស៊ីន Twin-Turbo ៤,០លីត្រ ៨ស៊ីឡាំង អាចផលិតកម្លាំងបាន ៥៤២សេះ។ ម៉ាស៊ីននេះអាចឲ្យរថយន្តស្ទុះដល់ ៩៦គ.ម/ម៉ ក្នុងពេល ៤,៥វិនាទី ជាមួយល្បឿនអតិរបមា ២៩០គ.ម/ម៉។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរដឹងថារថយន្ត Bentayga EWB ផ្ដោតលើប្រណីតភាពជាជាងកម្លាំង ដោយតាមរយៈការបន្ថែមប្រវែងពីកង់មុខទៅកង់ក្រោយចំនួន ១៨០ម.ម បានធ្វើឲ្យកៅអីអ្នកអង្គុយនៅជួរទីពីរកាន់តែធំទូលាយជាងមុន។ អតិថិជនដែលកុម្ម៉ង់រថយន្តនេះ អាចមានជម្រើសបួនកៅអីអង្គុយ និងប្រាំកៅអីអង្គុយ។

អ្នកដែលចង់បានប្រណីតភាពខ្ពស់អាចកុម្ម៉ង់ទិញ Bentayga EWB ជាមួយ Option ឈ្មោះថា Airline Seat Specification ដែលធ្វើឲ្យកៅអីអង្គុយមានផាសុកភាពខ្ពស់ អាចទម្រេតបានក្នុងមុំ ៤០ដឺក្រែ និងមានមុខងារទំនើបៗដូចជា Seat Auto Climate, Postural Adjustment និងមុខងារបន្ទាប់បន្សំផ្សេងទៀត។

Bentley បាននិយាយថាចាប់តាំងពីបង្ហាញរថយន្ត EWB នេះមក ៤០% នៃអតិថិជនរបស់ម៉ូដែល Bentayga បានជ្រើសរើសយកវា ដែលបង្ហាញថារថយន្តនេះទទួលបានការគាំទ្រខ្លាំង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម