BMW កំពុងសម្ងំកើបលុយ នៅដើមឆ្នាំ២០២១

ទោះបីជាមានការនិយាយឌឺដងជាសាធារណៈជុំវិញរចនារបស់រថយន្ត BMW M3, M4 និង 4 Series ក៏ដោយ ក៏ BMW កំពុងចាប់ផ្តើមឆ្នាំ ២០២១ ក្នុងចំនួនលក់ដ៏ខ្ពស់មួយ។

ក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំ ២០២១ ក្រុមហ៊ុនBMW Group បានចែកចាយរថយន្តចំនួន ៦៣៦ ៦០៦ គ្រឿងនៅទូទាំងពិភពលោក តាមរយៈម៉ាក BMW, Mini និង Rolls-Royce។ នេះតំណាងឲ្យការកើនឡើង ៣៣,៥ ភាគរយ បើប្រៀបធៀបទៅនឹងត្រីមាសទី ១ នៃឆ្នាំ ២០២០ និងជាការកើនឡើងខ្ពស់បំផុត សម្រាប់ត្រីមាសទី ១។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចន្លោះពីខែមករា ដល់ខែមីនា ឆ្នាំ ២០២១ ម៉ាក BMW លក់បាន ៥៦០ ៥៤៣ គ្រឿង កើនឡើង ៣៦,២ ភាគរយបើប្រៀបធៀបនឹងត្រីមាសទី ១ ឆ្នាំ ២០២០។ ក្រុមហ៊ុន BMW ចាត់ទុកជោគជ័យនេះ ដោយសារប្រជាប្រិយភាពរបស់រថយន្ត SUV ប្រភេទ X Series ដែលមានការកើនឡើង ៣៦,៥ ភាគរយ សរុបចំនួនលក់បាន ២៤៦ ០៦៨ គ្រឿង។ ការលក់រថយន្ត 5 Series ក៏កើនឡើងដែរ គឺ ៤៣,៦ ភាគរយ។

កត្តាមួយទៀតដែលជួយឲ្យក្រុមហ៊ុន BMW សម្រេចបាននូវកំណត់ត្រាលក់នៅត្រីមាសទី ១ ឆ្នាំ ២០២១ នេះ គឺតម្រូវការកើនឡើងសម្រាប់រថយន្ត plug-in hybrid និង រថយន្តអគ្គិសនី។ សរុបទៅ BMW បានលក់រថយន្តអគ្គិសនីចំនួន ៧០ ២០៧ គ្រឿងក្នុងត្រីមាសទី ១ ឆ្នាំ ២០២១ ដែលកើនឡើងទ្វេដង បើប្រៀបធៀបនឹងត្រីមាសទី ១ ឆ្នាំ ២០២០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម