ត្បិតថា ២០២០ ជាឆ្នាំដ៏យ៉ាប់យ៉ឺនសម្រាប់អាជីវកម្មជាច្រើន ប៉ុន្តែសម្រាប់ BMW M ដែលជាម៉ាកសាខាជំនាញខាងផលិតរថយន្តកម្លាំងខ្លាំងរបស់ BMW ឃើញមានកំណើនចំនួនលក់នៅឆ្នាំ ២០២០។
ជាក់ស្ដែងនៅក្នុងឆ្នាំ ២០២០ ចំនួនលក់លើទីផ្សារសកលរបស់ BMW M មានសរុប ១៤៤ ២១៨គ្រឿង ដែលមានកំណើន ៥,៩% បើធៀបនឹងឆ្នាំ ២០១៩។ វាជាសមិទ្ធផលដ៏អស្ចារ្យមួយ ដែលអាចធ្វើឲ្យ BMW M យកឈ្នះ Mercedes-AMG ដែលលក់រថយន្តបានត្រឹម ១២៥១២៩គ្រឿង កាលពីឆ្នាំ ២០២០ មានការធ្លាក់ចុះ ៥,៣%។
រថយន្តដែលលក់ដាច់របស់ BMW M មាន BMW X5 M និង BMW X6 M ដែលមានតម្រូវការខ្ពស់នៅទីផ្សារសហរដ្ឋអាមេរិក។ សម្រាប់ឆ្នាំ ២០២១ BMW M នឹងមានបន្ថែមជម្រើសរថយន្តជាច្រើនទៀតរួមមាន BMW M3 G80, BMW M4 G82, M440i Coupé និង M440i Convertible៕