[ទីផ្សារបរទេស] ក្រោយពីបានបង្ហាញរូបរាង Concept និងឆ្លងកាត់ការលេចធ្លាយរូបរាងតាមរយៈរូបភាពប៉ាតង់ផងនោះ ពេលនេះរថយន្តម៉ូដែល XM ត្រូវបានក្រុមហ៊ុន BMW ប្រកាសចេញជាផ្លូវការក្នុងនាមជារថយន្ត SUV Hybrid ដ៏ក្លាំងក្លាមួយ។
ជាមួយតម្លៃចាប់ពី ១៥៩ ០០០ដុល្លារ BMW XM គឺជារថយន្ត SUV ដ៏ខ្លាំងក្លាផុតលេខរបស់ផ្នែក Motorsport ដែលប្រើប្រាស់ប្រព័ន្ធម៉ាស៊ីន Hybrid។ ជាងនេះទៅទៀត វាក៏ជារថយន្តដំបូងរបស់ BMW Motorsport ដែលមិនបានផលិតចេញពីផលិតផលធម្មតារបស់ម៉ាក BMW គិតចាប់ពីសម័យរថយន្ត M1 កាលពីចុងសតវត្ស៍ឆ្នាំ១៩៧០។
BMW XM ប្រើប្រាស់ម៉ាស៊ីន Twin-Turbo V8 ចំណុះ ៤,៤លីត្រ ដែលផលិតកម្លាំងបាន ៤៨៣សេះ ហើយអមជាមួយម៉ូទ័រអគ្គិសនីមួយទៀត វាអាចផលិតកម្លាំងបានសរុប ៦៤៤សេះ ហើយវាប្រើប្រអប់លេខស្វ័យប្រវត្តិ៨វគ្គ ជាមួយប្រព័ន្ធបើកបរប៉ុងពីរ។ ជាមួយអាគុយចំណុះ ២៥,៧kWh អាចឲ្យ XM បើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយប្រមាណ ៥០គីឡូម៉ែត្រ ហើយរថយន្តនេះស្ទុះពី ០ ដល់ ៩៦គ.ម/ម៉ ក្នុងពេល ៤,១វិនាទី។
XM ដែលលក់នៅសហរដ្ឋអាមេរិក នឹងមានមកជាស្តង់ដារនូវយ៉ាន់ទំហំធំ ២៣អ៊ីញ ប៉ុន្តែអតិថិជនមានជម្រើសទម្លាក់ទំហំទៅ ២២អ៊ីញបាន ខណៈដែលផ្នែកខាងក្នុងរបស់វាមានលក្ខណៈស្រដៀងទៅនឹងរថយន្ត X7 ស៊េរីថ្មី ហើយមានបំពាក់ដោយប្រព័ន្ធប្រតិបត្តិការថ្មី iDrive 8។
នៅរដូវឆ្នាំក្រោយខាង BMW គ្រោងប្រកាសចេញ XM មួយប្រភេទទៀតមានតម្លៃចាប់ពី ១៨៥ ០០០ដុល្លារ ឈ្មោះថា XM Label Red ដែលនឹងផលិតកម្លាំងបានរហូតដល់ ៧៣៥សេះឯណោះ៕