Brabus 850 Final Edition ខ្លាំងកប់ ផលិតតែ ៥ គ្រឿងគត់ ឯតម្លៃវិញញាក់សាច់

នាពេលថ្មីៗនេះ Brabus បាន​ដាក់​បង្ហាញ​កំពូល​រថយន្ត SUV របស់​ខ្លួន​ម៉ូដែល 850 6.0 Biturbo 4×4² Final Edition “1 of 5”។

​វា​ត្រូវ​បាន​ផលិត​ឡើង​ផ្អែក​លើ​ម៉ូដែល Mercedes-AMG G63 ដែល​មាន​កម្ពស់​ឈរ​ផុត​ពី​ដី ៦០០ មីល្លីម៉ែត្រ ផ្តល់​ភាព​ងាយស្រួល​ខ្លាំង​បំផុត​សម្រាប់​ការ​បើក Off-road។

ពាណិជ្ជកម្ម

អ្វី​ដែល​រឹតតែ​ពិសេស​នោះ​គឺ វា​បាន​ជំនួស​ម៉ាស៊ីន​ចាស់​ចំណុះ ៥,៥ លីត្រ Twin-turbo ទំហំ ៨ ស៊ីឡាំង​ចេញ ដោយ​ប្រើ​ម៉ាស៊ីន​ថ្មី​ចំណុះ ៦,០ លីត្រ ទំហំ ៨ ស៊ីឡាំង ដែល​បង្កើត​កម្លាំង​បាន​រហូត​ដល់​ទៅ ៨៣៨ សេះ​ឯណោះ។

រថយន្ត Brabus 850 6.0 Biturbo 4×4² Final Edition “1 of 5” នេះ អាច​ស្ទុះ​ពី​កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល​ត្រឹមតែ ៤,៧ វិនាទី​ប៉ុណ្ណោះ ហើយ​មាន​ល្បឿន​អតិបរមា​ត្រឹម ២១០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ក៏​ដោយសារតែ​វា​ប្រើប្រាស់​សម្បក​កង់​សម្រាប់ Off-road។ ប្រព័ន្ធ​ជើង​ក្រោម និង​ប៉ុង​របស់​វា​ត្រូវ​បាន​ផលិត​ឡើង​យ៉ាង​ពិសេស​ដោយ​ក្រុមហ៊ុន Brabus ផ្ទាល់​តែម្តង។

ក្រៅ​ពី​មាន​កម្លាំង​ខ្លាំង និង​អាច​បើកបរ​គ្រប់​ស្ថានភាព​ផ្លូវ រថយន្ត SUV ដ៏​អង់អាច​មួយ​នេះ​ក៏​បាន​តុបតែង និង​រចនា​យ៉ាង​ទាក់ទាញ​ផង​ដែរ។ ផ្នែក​ខាង​ក្នុង​របស់​វា​ត្រូវ​បាន​បំពាក់​ដោយ​ស្បែក រំលេច​ជាមួយ​នឹង​ថ្នេរ​ដេរ​ពណ៌​ខៀវ ខណៈ​វា​បំពាក់​កៅអី​ត្រឹម​តែ ៤ ប៉ុណ្ណោះ ដើម្បី​ផ្តល់​ផាសុកភាព​លំដាប់​ខ្ពស់​ដល់​អ្នកដំណើរ។

Brabus 850 6.0 Biturbo 4×4² Final Edition “1 of 5” មានតម្លៃ ៥៤៧ ០០០ ដុល្លារ​នៅ​ប្រទេស​អាល្លឺម៉ង់។ ទោះ​បី​ជា​អ្នក​មាន​លុយ ក៏​មិន​ប្រាកដ​ថា​អាច​ទិញ​បាន​ដែរ ព្រោះ​វា​ផលិត​ត្រឹមតែ ៥ គ្រឿង​ប៉ុណ្ណោះ៕

Sponsored