BYD ត្រៀមដំឡើងទំហំផលិតដល់ ៣០ម៉ឺនគ្រឿងក្នុងមួយខែ ឆាប់ៗនេះហើយ

[ទីផ្សារបរទេស] ការចុះផ្សាយ​របស់​បណ្ដាញ​សារព័ត៌មាន​ចិន Jiemian បានឲ្យដឹងថាក្នុងពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុន​ BYD ប្រហែល​ជា​ផលិតរថយន្តសាកភ្លើង​ចំនួន ៣០ម៉ឺនគ្រឿងក្នុងមួយខែ អាចឆាប់បំផុតគឺនៅខែសីហាខាងមុខ។

ទំហំផលិតនេះជាទំហំផលិតដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ព្រោះថា​ក្រោយប្រឡូកចូលទីផ្សាររថយន្តអស់ជាច្រើនឆ្នាំ BYD អាចលក់រថយន្ត​បាន​ប្រមាណ ៦០ម៉ឺនគ្រឿង នៅពេញមួយ​ឆ្នាំ​២០២១។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គិតត្រឹមបច្ចុប្បន្ននេះ BYD មានរោងចក្រផលិតចំនួនប្រាំមួយ​នៅ​ឯ​ប្រទេស​ចិន ដោយរោងចក្រនៅ Fuzhou អាចមានទំហំផលិតដល់ ២០ម៉ឺនគ្រឿងក្នុងមួយឆ្នាំនាថ្ងៃអនាគត ហើយរថយន្ត BYD Dolphin ក៏រំពឹងថានឹងផលិតនៅរោងចក្រនេះដែរ នៅចុងឆ្នាំ។

បន្ថែមពីលើរោងចក្រទាំងប្រាំមួយដែលមាននាពេលបច្ចុប្បន្ននេះ BYD ក៏កំពុងតែសាងសង់រោងចក្រចំនួនបីផ្សេងទៀតក្នុង​ប្រទេស​ចិន ដោយរោងចក្រចំនួនពីររំពឹងថានឹងបើកដំណើរការត្រឹមដំណាច់ឆ្នាំ០២២នេះផ្ទាល់។

ជាមួយទំហំផលិតដល់ ៣០ម៉ឺនគ្រឿងក្នុងមួយខែ មានន័យថាក្នុងពេលខាងមុខ BYD អាចមានសក្ដានុពល​ផលិតរថយន្ត​បាន​មិន​ក្រោម​រាប់លានគ្រឿងឡើយក្នុងមួយឆ្នាំៗ ហើយ​ជាធម្មតាចំនួនលក់រថយន្តអគ្គិសនី និង PHEV របស់ BYD គឺតែងតែ​ប្រកៀកប្រកិត​គ្នា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម