BYD Denza D9 បានក្លាយជារថយន្ត MPV ដែលលក់ដាច់ជាងគេនៅក្នុងទីផ្សារប្រទេសចិនក្នុងឆ្នាំ២០២៤!

ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការប្រកាសជាផ្លូវការថា រថយន្តប្រភេទ MPV ប្រណិត Denza D9 របស់ពួកគេបានក្លាយជារថយន្ត MPV ដែលលក់ដាច់ជាងគេនៅក្នុងទីផ្សារប្រទេសចិន ជាមួយចំនួនលក់ ១០២ ៩៥១ គ្រឿង នៅក្នុងឆ្នាំ២០២៤។ ក្នុងនោះ រថយន្ត Denza D9 សេរ៊ីឆ្នាំ២០២៥ ក៏ទទួលបាននូវបច្ចេកវិទ្យា DM 5.0 PHEV ថ្មី ជាមួយតម្លៃលក់ចាប់ពី ៤៦ ៦០០ ដុល្លារ ដល់ ៦៤ ៤០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិនផងដែរ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ២៥០ ម.ម ទទឹង ១ ៩៦០ ម.ម កម្ពស់ ១ ៩០០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣ ១១០ ម.ម ដំណើរការដោយម៉ាសុីនសាំងចំណុះ ១,៥លីត្រ ទំហំ ១៥៤ សេះ និងជម្រើសម៉ូទ័រអគ្គិសនីចំនួន ១ ប៉ុង ១ FWD ទំហំ ២៦៨ សេះ និងជម្រើសម៉ូទ័រអគ្គិសនីចំនួន ២ ប៉ុង ២ AWD អាចផលិតកម្លាំងបាន ២៦៨ និង ៦០ សេះ ផ្គួបជាមួយអាគុយទំហំ ៤០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២០០ និង ១៩០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងអាចបើកបរសរុបបាន ១ ១០០ និង ១ ០២០ គីឡូម៉ែត្រ មានកម្រិតសុីប្រេង ៥,៨៥ លីត្រ ក្នុងចម្ងាយបើកបរ ១០០គីឡូម៉ែត្រ/ម៉ោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការរចនានៅផ្នែកខាងក្រៅរបស់រថយន្តដ៏ប្រណិតនេះ មានបំពាក់ជាមួយប៉ាណាមុខតុបតែងជាមួយក្រូម៉េដ៏ធំ ចង្កៀងមុខ LED ទ្វារូតចំហៀងបើក-បិទអូតូរំលេចជាមួយក្រូម៉េ ចង្កៀងក្រោយប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាឲ្យឈ្មោះថា “Into the Meteor Arrow” និងថាសកង់ស្ព័រទំហំ ១៨ អ៊ីញ។

ចំពោះនៅផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់សរុបចំនួន ១០ រួមមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ឥតខ្សែ ក៏ដូចជាអេក្រង់បង្ហាញលើកញ្ជក់​ HUD ទំហំ ១២អ៊ីញ កន្លែងសាកថ្មឥតប្រើខ្សែទំហំ ៥០វ៉ាត់ ម៉ាសុីនត្រជាក់ ៣ចំនុច ដំបូល Panoramic roof ភ្លើង Multi-color ambient lighting កៅអីម៉ាស្សា-ខ្យល់ត្រជាក់-មុខងារចងចាំ បាសសម្លេង ១៤ចំនុច និងប្រព័ន្ធ ADAS ជាច្រើនដូចជា កាមេរ៉ា ៣៦០ដឺក្រេ ហ្វ្រាំងអូតូ និងប្រព័ន្ធសេនស័រសរុបចំនួន ៣២ចំនុច នៅទូទាំងរថយន្ត។
គួរឲដឹងថា ការលក់រាយរថយន្ត MPV ក្នុងឆ្នាំ២០២៤ នៅក្នុងប្រទេសចិនមានចំនួន ១,០៨៨ លានគ្រឿង កើនឡើងបន្តិចគឺ ០,៤ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាពិសេស BYD Denza D9 បានក្លាយជារថយន្ត MPV លក់ដាច់បំផុតនៅក្នុងប្រទេសចិនចំនួន ២ឆ្នាំជាប់ៗគ្នា៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម