BYD Tang L ស៊េរីឆ្នាំ ២០២៥ ប្រភេទ PHEV ចេញលក់ជាផ្លូវការ ឯតម្លៃខ្ទង់ ៣មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់លក់ជាផ្លូវការនៅរថយន្ត BYD Tang L ស៊េរីឆ្នាំ ២០២៥ ប្រភេទ PHEV នៅទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ៣១ ៧០០ ដុល្លារ ដល់ ៤០ ០០០ ដុល្លារ ។

BYD TANG L ស៊េរីថ្មីចុងក្រោយនេះ ផលិតឡើងនៅលើគ្រោងឆ្អឹង DM-P Technology Platform ដំពណើរការដោយប្រព័ន្ធ Plug-in Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបានសរុបខ្ទង់ ៥០០ សេះ ផ្គួបជាមួយអាគុយដែលអាចបើកបរបានចម្ងាយ ១៦៥គីឡូម៉ែត្រដោយថាមពលអគ្គិសនីសុទ្ធ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តនេះមានប្រវែងតួខ្លួនសរុប ៥ ០៤០ ម.ម ទទឹង ១ ៩៩៦ ម.ម កំពស់ ១ ៧០៦ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៥០ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅមានប៉ាណាមុខបិទជិត ប្រើចង្កៀងមុខ LED មុខងារទម្លើង-ទម្លាក់ហ្វាកូតអូតូ កញ្ចក់ចំហៀងមានអំបូលស៊ីញ៉ូ LED ព្រមទាំងថាសកង់ស្ព័រថ្មី ព្រមទាំងមានប្រព័ន្ធចាប់សញ្ញា LiDar សម្រាប់ជំនួយដល់ប្រព័ន្ធជំនួយការអ្នកបើកបរ God Eye កម្រិត B ទៀតផង ។

ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ គាំទ្រដោយប្រព័ន្ធប្រតិបត្តិការ BYD DiLink 150 system សម្រាប់បញ្ជាមុខងារទូទៅនៅលើរថយន្ត ក៏ដូចជាកន្លែងកសាកថ្មឥតប្រើខ្សែ កៅអីខាងមុខមានមុខងារខ្យល់ក្តៅ-ត្រជាក់ រួមទាំងម៉ាស្សាផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម