[ទីផ្សារចិន] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនូវរថយន្ត BYD Tang DM 5.0 PHEV ស៊េរីឆ្នាំ២០២៥ ប្រភេទ កៅអី ៣ជួរ មុខមាត់ថ្មី ដែលមានតម្លៃលក់ចាប់ពី ២៥ ២៥០ ដុល្លារ ដល់ ២៩ ១៥០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។
រថយន្ត BYD Tang DM 5.0 PHEV ស៊េរីឆ្នាំ២០២៥ ដំណើរការដោយប្រព័ន្ធម៉ាសុីនកូនកាត់ Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបានចំនួន ១៥៤ សេះ និងម៉ូទ័រអគ្គិសនីចំនួន១ អាចផលិតកម្លាំងបាន ២៦៨ សេះ ផ្គួបជាមួយអាគុយ lithium iron phosphate battery ទំហំ ២១,៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ១១៥ គីឡូម៉ែត្រ ដោយប្រើប្រាស់នូវថាមពលអគ្គិសនីសុទ្ធ និងអាចបើកបរបានចម្ងាយសរុប ១ ១៥០ គីឡូម៉ែត្រ និងមានកម្រិតសុីប្រេង ៤,៩៥លីត្រ ក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រ។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៨៧០ ម.ម ទទឹង ១ ៩៥០ ម.ម កម្ពស់ ១ ៧២៥ .មម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨២០ ម.ម ខណៈការឌីស្សាញផ្នែកខាងក្រៅ ទទួលបានការឌីស្សាញថ្មីជាមួយប៉ាណាទំហំធំ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងប្រើប្រាស់នូវថាសកង់ស្ព័រទំហំចាប់ពី ២០ ទៅ ២២អ៊ីញ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦អ៊ីញ គាំទ្រដោយប្រព័ន្ធប្រតិបត្តិការ DiLink3.0 ជំនាន់ចុងក្រោយ ក៏ដូចជាកៅអីពូកស្បែក កន្លែងសាកថ្មឥតខ្សែ រួមនឹងប្រព័ន្ធជំនួយការអ្នកបើកបរ DiPilot Driving assistance ជាដើម៕