[បរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD កំពុងគ្រោង និងសាងសង់រោងចក្រថ្មីចំនួន ៣ នៅរដ្ឋ Bahia ប្រទេសប្រេស៊ីលនាពេលអនាគត ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ BYD បានទិញយករោងចក្រចាស់ដ៏ធំមួយរបស់ក្រុមហ៊ុន FORD ដែលបានបិទទ្វារ។
រដ្ឋាភិបាលនៃរដ្ឋ Bahia បានបង្ហាញថា BYD ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំបំផុតរបស់ពិភពលោកដែលបានចូលខ្លួនក្នុងប្រទេសនេះ ជាមួយការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីសាងសង់រោងចក្រចំនួន ៣។ ក្នុងនោះ រោងចក្រទាំងនេះនឹងក្លាយជារោងចក្រផលិតឡានក្រុង និងរថយន្តសម្រាប់ដឹកជញ្ចូន រោងចក្រមួយទៀតសម្រាប់ផលិតដែកផូស្វាត និងលីចូម និងរោងចក្រមួយទៀតសម្រាប់ផលិតរថយន្តអគ្គិសនី BEV និង plug-in hybrid PHEV ។
គួរឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត BYD បានវិនិយោគទឹកប្រាក់ជាង ៥៨៣ លានដុល្លារ ដើម្បីសាងសង់រោងចក្រទាំងនេះនៅខែមិថុនា ឆ្នាំ ២០២៣ ហើយរោងចក្រទី ២ នឹងសាកសង់រួចរាល់សម្រាប់ប្រើប្រាស់ក្នុងខែកញ្ញា ឆ្នាំ ២០២៤ នឹងចាប់ផ្តើមដំណើរការក្នុងខែតុលា ឆ្នាំ ២០២៤ ។ ខណៈ រោងចក្រទី ៣ នឹងបញ្ចប់ការសាងសង់នៅខែធ្នូ ឆ្នាំ ២០២៤ ជាមួយនឹងការផលិតរថយន្តអគ្គិសនី (BEV) និង Plug-in Hybrid ដំណើរការក្នុងខែមករា ឆ្នាំ ២០២៥។
ទន្ទឹមនឹងនេះ ប្រព័ន្ធផ្សព្វផ្សាយបរទេសក៏បាននិយាយផងដែរថា BYD អាចផលិតអាគុយ Blade batteries នៅក្នុងប្រទេសប្រេស៊ីល ហើយនេះនឹងបង្កើតការងារសម្រាប់មនុស្សជាង ១ ២០០ នាក់នៅក្នុងតំបន់នេះ ជួយពង្រឹងសេដ្ឋកិច្ចកម្រិតមួយទៀតនៃកម្លាំងថាមពលអគ្គិសនីរបស់ប្រេស៊ីល៕