Changan ប្រកាសចេញ CS75 Plus Ultra ជំនាន់ទី៤ ទទួលបានម៉ាសុីនថ្មី ត្រៀមចេញលក់នៅចុងឆ្នាំនេះ

[ទីផ្សារចិន] ក្រុមហ៊ុនផលិតរថយន្ត Changan បានធ្វើការប្រកាសដាក់បង្ហាញចេញនូវរូបភាពជាផ្លូវការរបស់រថយន្ត Changan CS75 Plus Ultra ជំនាន់ទី៤ ទទួលបានម៉ាសុីនសាំងថ្មី គ្រោងនឹងប្រកាសដាក់បង្ហាញចេញជាផ្លូវការនៅក្នុងចុងខែធ្នូ ឆ្នាំ២០២៤ នេះ ជាមួយតម្លៃលក់ចាប់ពី ១៦ ២០០ ដុល្លារ ដល់ ២០ ៦០០ ដុល្លារ ក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៧៧០ ម.ម ទទឹង ១ ៩១០ ម.ម កម្ពស់ ១ ៧០៥ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨០០ ម.ម ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ទំហំ ៤សុីឡាំង ថ្មី អាចផលិតកម្លាំងបាន ២២៩ សេះ និងកម្លាំងរមួល ៣៩០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយ​ប្រអប់លេខអូតូចំនួន ៨វគ្គ និងអាចជាន់ស្ទុះពី ០ ទៅ ១០០គ.ម/ម៉ោង ចំណាយពេលខ្ទង់ ៧,៣វិនាទី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ការឌីស្សាញនៅផ្នែកខាងក្រៅ រថយន្តនេះ ទទួលបានប៉ាណាមុខមួយផ្ទាំងទំហំធំអបសងខាងដោយចង្កៀងមុខ-ក្រោយ LED រចនាថ្មីអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង ព្រមទាំងទទួលបាននូវថាសកង់ស្ព័រថ្មីទំហំ ២០អ៊ីញ និងបំពង់សុីមាំងស្ព័រចំនួន២គូរ នៅផ្នែកខាងក្រោយផងដែរ។

ខណៈផ្នែកខាងក្នុងវិញ ទទួលបានអេក្រង់កុងទ័របង្ហាញព៌ត័មានឌីជីថលទំហំ ១០,២៥អ៊ីញ និងអេក្រង់កម្សាន្ត touchscreen បង្ហាញព៌ត័មានទំហំ ១៤,៦អ៊ីញ ជាប្រភេទអេក្រង់ភ្លោះ ក៏ដូចជាអេក្រង់កម្សាន្ត touchscreen ទំហំ ១២,៣អ៊ីញ សម្រាប់អ្នកដំណើរផ្នែកខាងមុខ ពោងសុវត្ថិភាពចំនួន ៦ចំនុច កញ្ចក់ចំហៀងបត់ដោយស្វ័យប្រវត្តិ មុខងារជំនួយការសម្លេង AI ដំណើរការដោយ iFlytek និងប្រព័ន្ធមុខងារជំនួយការបើកបរកម្រិតទី២ ដ៏ឆ្លាតវៃជាច្រើនមុខងារផងដែរ មានដូចជាប្រព័ន្ធមុខងារចូលចំណតរថយន្ត APA5.0 ដោយស្វ័យប្រវត្តិ (២០ម៉ែត្រ)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម