[ទីផ្សារបរទេស] រយៈពេល៦ខែដំបូងនៃឆ្នាំ២០២២នេះ ត្បិតថាប្រឈមមុខនឹងបញ្ហាសង្វាក់ផ្គត់ផ្គង់ ប៉ុន្តែ Ford អាចលក់រថយន្តភីកអាប់ខ្នាតតូច Maverick បានរហូតដល់ ៣៨ ៧៥៣គ្រឿង ដែលច្រើនជាងគូប្រជែងពីរដងឯណោះ។
គូប្រជែងខ្លាំងក្លាបំផុតរបស់ Ford Maverick ដែលជារថយន្ត Hyundai Santa Cruz នោះ អាចលក់ចេញបានសរុប ១៨ ២០៣គ្រឿង ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ២០២២នេះ។
ក្រឡេកមើលទីផ្សាររថយន្តភីកអាប់ខ្នាតតូចជារួមឃើញថា Maverick កាន់កាប់ចំណែក ៦៧% ខណៈដែល Hyundai Santa Cruz កាន់កាប់ចំណែក ៣៣%។
គួរដឹងថា Maverick និង Santa Cruz ត្បិតថាជាគូប្រជែងគ្នា ប៉ុន្តែតម្លៃមានកម្រិតខុសគ្នាគួរសម ដោយ Maverick មានតម្លៃធូរថ្លៃបំផុតគឺចាប់ពី ២០ ៩៩៥ដុល្លារ ចំណែកឯរថយន្ត Santa Cruz របស់ Hyundai មានតម្លៃចាប់ពី ២៤ ៤៤០ដុល្លារ៕