ក្រុមហ៊ុនផលិតរថយន្តរបស់សហរដ្ឋអាមេរិក Ford បានបង្ហាញផែនការដាក់បង្ហាញចេញនូវរថយន្តអគ្គិសនីថ្មី ចំនួន ៧ម៉ូដែល នៅក្នុងទីផ្សារអឺរ៉ុប, រោងចក្រដំឡើងអាគុយអគ្គីសនីមួយកន្លែង នៅក្នុងប្រទេសអាល្លឺម៉ង់ និង ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាផលិតបន្ទះអាគុយ nickel cell នៅក្នុងប្រទេសទួរគី ដែលជាផ្នែកមួយនៃការជំរុញគម្រោងរថយន្តអគ្គិសនីដ៏សំខាន់របស់ Ford នៅទ្វីបអឺរ៉ុប។
លោក Stuart Rowley ប្រធានក្រុមហ៊ុន Ford នៃអឺរ៉ុប បាននិយាយថា “ការដើររបស់យើងឆ្ពោះទៅកាន់អនាគតអគ្គិសនីទាំងអស់ គឺជាភាពចាំបាច់សម្រាប់ក្រុមហ៊ុន Ford ដើម្បីបំពេញតម្រូវការរបស់អតិថិជននៅទូទាំងទ្វីបអឺរ៉ុប ដែលកំពុងផ្លាស់ប្តូរយ៉ាងរហ័ស” ។
ក្រុមហ៊ុន Ford បាននិយាយថា ខ្លួននឹងដាក់ចេញនូវរថយន្តដឹកអ្នកដំណើរអគ្គិសនីថ្មីចំនួន ៣ ម៉ូដែល និង រថយន្តពាណិជ្ជកម្មអគ្គិសនីថ្មីចំនួន ៤ ម៉ូដែល នៅអឺរ៉ុប ត្រឹមឆ្នាំ ២០២៤ ដោយបន្ថែមថា ខ្លួនគ្រោងនឹងលក់រថយន្តអគ្គិសនីឲ្យបានច្រើនជាង ៦០០ ០០០ គ្រឿងនៅក្នុងតំបន់អឺរ៉ុប ត្រឹមឆ្នាំ ២០២៦។
ក្រុមហ៊ុន Ford បានបញ្ជកា់ថា គម្រោងនេះនឹងជួយឲ្យក្រុមហ៊ុនសម្រេចបាននូវគោលដៅជាសាកល ក្នុងការលក់រថយន្តអគ្គិសនីច្រើនជាង ២លានគ្រឿងក្នុងមួយឆ្នាំ និងសម្រេចបាននូវប្រាក់ចំណេញប្រតិបត្តិការ ដែលបានកែសម្រួលចំនួន ១០ ភាគរយនៅត្រឹមឆ្នាំ ២០២៦៕