[ទីផ្សារបរទេស] ក្នុងអំឡុងពេលប្រកាសលទ្ធផលចំណូលប្រចាំត្រីមាសទីពីរ លោក Jim Farley នាយកប្រតិបត្តិ Ford បានឲ្យតម្រុយអំពីរថយន្ត Maverick ប្រភេទថ្មី រួមជាមួយរថយន្តម៉ូដែលថ្មីៗមួយចំនួនទៀតផងដែរ។
នាយកប្រតិបត្តិរូបនេះមិនបាននិយាយលម្អិតអ្វីឡើយអំពីរថយន្តម៉ូដែលថ្មី ប៉ុន្តែតាមរយៈរូបភាពដែលគេថតបានកន្លងមក បានបង្ហាញអំពីរថយន្ត Maverick Tremor ដែលមើលទៅគឺជាប្រភេទ PHEV ដែលមានប្រើប្រាស់ប្រព័ន្ធបើកបរវិលកង់ទាំងបួន ឬហៅថាប៉ុងពីរ។
រថយន្តដទៃទៀតដែលលោក Jim Farley បានឲ្យតម្លៃមានដូចជារថយន្ត Bronco ដោយលោកបានលើកឡើងថាគ្រប់រថយន្ត Bronco គ្រប់ប្រភេទរួមមានប្រភេទ Badlands, Wildtrak, Everglades និង Raptor ជាដើមគឺផ្ដោតលើការបើកបរ Off-Road ជាចម្បង។ យ៉ាងណាក្ដីលោកយល់ឃើញថាអតិថិជនមួយចំនួនអាចនឹងទន្ទឹងរង់ចាំ Bronco ដែលមានប្រណីតភាពខ្ពស់។
ម៉ូដែលបន្ទាប់គឺរថយន្ត Mustang ជំនាន់ថ្មី ដែលនឹងត្រូវបង្ហាញវត្តមាននៅថ្ងៃទី១៤ ខែកញ្ញា ក្នុងកម្មវិធីតាំងបង្ហាញរថយន្តអាមេរិកខាងជើងអន្តរជាតិ ដោយលោក Jim Farley លើកឡើងថាវាគឺជារថយន្តដ៏ទាក់ទាញមួយ។ មិនទាន់ចប់នោះទេ លោក Jim Farley ក៏បានឲ្យតម្រុយអំពីរថយន្តភីកអាប់ Super Duty ជំនាន់ថ្មីដែលនឹងបង្ហាញខ្លួននៅអំឡុងចុងឆ្នាំ២០២២នេះផងដែរ៕