មនុស្សជាច្រើនកំពុងរំពឹងថា Ford នឹងបង្ហាញចេញនូវរថយន្ត Bronco Raptor នៅពេលណាមួយ ប៉ុន្តែវាប្រហែលជាមិនខ្លាំងដូច Hennessey VelociRaptor Bronco ឆ្នាំ២០២១ ដែលនឹងចូលរោងចក្រនៅឆ្នាំក្រោយឡើយ។
ក្រុមហ៊ុន Hennessey នឹងបំពាក់ម៉ាស៊ីនចំណុះ ៥,០លីត្រ V8 មានកម្លាំងរហូតដល់ទៅ ៧៥០សេះ ចូលទៅក្នុង SUV មួយនេះ ដែលនឹងអនុញ្ញាតឲ្យវារត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៤,៥វិនាទីប៉ុណ្ណោះ។
ក្នុងនោះវាក៏នឹងអាប់ដេតលើ ប៊ិចសាំង, ធុងទឹកស្អំ, ហឺយខ្យល់ និង ប្រព័ន្ធស៊ីឡាំង ព្រមទាំងប្រព័ន្ធជើងក្រោម ដើម្បីរក្សាសមត្ថភាពបើកបរ Off-road របស់វា។
រថយន្ត Hennessey VelociRaptor Bronco នឹងមានតួខ្លួន ២ ជម្រើស គឺ ទ្វា២ និង ទ្វា៤ ប៉ុន្តែក្រុមហ៊ុនកែច្នៃរថយន្តរបស់អាមេរិកនេះ នឹងផលិតវាសរុបត្រឹមតែ ២៤គ្រឿងប៉ុណ្ណោះ សម្រាប់ស៊េរីឆ្នាំ២០២១។ ចំពោះតម្លៃរបស់វាវិញគឺ ២២៥ ០០០ដុល្លារ ជាមួយនឹងការធានា ៣ឆ្នាំ ឬ ៣៦ ០០០ម៉ាយ៍។
គួរឲ្យដឹងថា រថយន្ត Ford Bronco ធម្មតា មានតម្លៃចាប់ពី ២៩ ៩៩៥ដុល្លារប៉ុណ្ណោះ៕