[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford បានធ្វើការដាក់បញ្ចេញជាផ្លូវការនៅរថយន្ត Ford Escape ស៊េរីថ្មីចុងក្រោយ ប្រភេទ compact-SUV ទទួលបានការអាប់ដេតបន្ថែម នៅទីផ្សារសហរដ្ឋអាមេរិក ជាមួយតម្លៃលក់ចាប់ពី ២៨ ១៥០ ដុល្លារ ដល់ ៣៦ ៥៤០ ដុល្លារ ។
Ford Escape ស៊េរីថ្មីចុងក្រោយ ផ្តល់ជូននៅជម្រើសម៉ាស៊ីនចំនួន ៣ ប្រភេទរួមមាន៖
- ម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៣ស៊ីឡាំង និងជម្រើសម៉ាស៊ីនចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ២៥០ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ។
- ម៉ាស៊ីន Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ១៩២ សេះ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ។
- ម៉ាស៊ីន Plug-in Hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ២,៥ លីត្រ ទហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ២១០ សេះ ផ្គួបជាមួយអាគុយទំហំ ១០.៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦០ គីឡូម៉ែត្រ ។ ទាំងអស់នេះ មានទាំងជម្រើសប៉ុង ១ និងប៉ុង ២ ផងដែរ ។
សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ មានប៉ាណារាងជាសំណាញ់មួយផ្ទាំងធំ ចង្កៀងមុខ-ក្រោយ LED ក៏ដូចជាថាសកង់ស្ព័រទំហំ ២០អ៉ីញ រួមទាំងទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី ។
ចំពោះនៅផ្នែកក្នុងទទួលបានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៨អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៣,២ អ៉ីញ អាចប្រើមុខងារ Apple CarPlay/Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ឧបករណ៍បំពងសំឡេងម៉ាក B&O ១០ចំនុច និងកាមេរ៉ា ៣៦០ដឺក្រេជាដើម។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើករ Co-Pilot360 driver assists system ជាស្តង់ដារផងដែរ ៕