
រថយន្ត Ford Expedition ត្រូវបានបង្ហាញខ្លួនលើកដំបូងកាលពី ៣០ឆ្នាំមុន ត្រូវបានក្រុមហ៊ុនផលិតរថយន្ដរបស់សហរដ្ឋអាមេរិកមួយនេះ ធ្វើការប្រារព្ធពិធីអបអរសាទរខួប ៣០ឆ្នាំ ដោយផ្ដល់ជូនជាមួយការបំពាក់កញ្ចប់តុបតែងពិសេសលើរថយន្ដនេះ។ សម្រាប់កញ្ចប់តុបតែងនេះត្រូវបានអភិវឌ្ឍបន្ថែមលើឈុតតុបតែង Stealth appearance និងបានបន្ថែមនូវចំណុចទាក់ទាញប្លែកៗដាច់ដោយឡែកមួយចំនួនទៀត។

ការផ្លាស់ប្តូរដ៏ធំបំផុតគឺកើតឡើងនៅផ្នែកខាងក្រៅ ដោយសាររថយន្ដម៉ូឌែលនេះផ្តល់ជូននូវពណ៌ពិសេស Blue Ember metallic tri-coat (ពណ៌ខៀវអុជអំបែងភក់) ដែលជាធម្មតាត្រូវបានរក្សាទុកសម្រាប់តែរថយន្ត Mustang Dark Horse ប៉ុណ្ណោះ។ រូបរាងពណ៌របស់វាអាចប្រែប្រួលទៅតាមកម្រិតពន្លឺ ហើយវានឹងទាក់ទាញការចាប់អារម្មណ៍ខ្លាំងជាក់ជាមិនខាន។

វាមិនមែនមានតែការផ្លាស់ប្តូរពណ៌នោះទេ ព្រោះរថយន្ត SUV នេះបំពាក់ដោយយ៉ាន់កង់ទំហំ ២២ អុីង ពណ៌ខ្មៅរលោងមានគម្របកណ្តាលរចនាជាពិសេសថា “Expedition 30 Years”។ បន្ថែមពីលើនេះ វាក៏មានបិទស្លាកសញ្ញាជាអក្សរ “30 Years” នៅទ្វារឃ្លុបក្រោយផងដែរ។ ក្រៅពីនេះក៏មានតុបតែងបន្ថែមផ្សេងទៀតទៅលើកញ្ចប់តុបតែងបែប Stealth appearance ធម្មតារួមមាន៖ គែមចង្កៀងមុខពណ៌ខ្មៅ និងអក្សរ Expedition ពណ៌ខ្មៅនៅលើគម្របម៉ាស៊ីន។ ម៉ូឌែលនេះក៏បានលេងបន្ថែមជាមួយពណ៌ប្រផេះក្រម៉ៅនិងគែមបង្អួចពណ៌ខ្មៅផងដែរ។

សម្រាប់កញ្ចប់តុបតែង Stealth Appearance ធម្មតាបានផ្ដល់ជូនជាមួយកៅអីស្បែកពណ៌ខ្មៅ ប៉ុន្តែសម្រាប់ម៉ូឌែលខួប ៣០ ឆ្នាំវិញគឺបំពាក់នូវកៅអីពណ៌ប្រផេះភ្លឺមានការលេងពណ៌ខ្មៅកាត់គ្នា ព្រមទាំងមានស្លាកសញ្ញាខួបអនុស្សាវរីយ៍ ៣០ឆ្នាំ នៅត្រង់ធ្នឹមមាត់ទ្វារ និងនៅលើគម្របប្រអប់ដាក់ឥវ៉ាន់កណ្តាលផងដែរ។
ក្រុមហ៊ុន Ford មិនបានបញ្ជាក់ពីតម្លៃជាក់លាក់នោះទេ ប៉ុន្តែកញ្ចប់តុបតែង Stealth Appearance បច្ចុប្បន្នមានតម្លៃ ៣ ៥៧៥ ដុល្លារ ហើយអាចបំពាក់បានលើរថយន្ដ Expedition Platinum ស៊េរីឆ្នាំ២០២៦ ដាក់លក់ក្នុងតម្លៃចាប់ផ្ដើម ៧៤ ២៥០ ដុល្លារ (មិនទាន់បូកបញ្ចូលថ្លៃដឹកជញ្ជូន ២ ៧៩៥ ដុល្លារ)។ នេះសរបញ្ជាក់ថា រថយន្ត Expedition 30th Anniversary Edition ស៊េរីឆ្នាំ២០២៧ អាចនឹងមានតម្លៃចាប់ផ្ដើមខ្ពស់ជាង ៨០ ០០០ ដុល្លារ។

ចំពោះកម្លាំងវិញ Ford Expedition ខួប៣០ឆ្នាំ ផ្ដល់ជូនដោយម៉ាស៊ីនដែលយើងធ្លាប់ស្គាល់គឺប្រភេទម៉ាសុីន 3.5-liter EcoBoost V6 អាចផលិតកម្លាំងបាន ៤០០ សេះ និងកម្លាំងរមួល ៦៥០ ញូតុនម៉ែត្រ។ ទោះបីជាម៉ូឌែលនេះក៏មានជម្រើសម៉ាស៊ីនកម្លាំងខ្លាំងអាចផលិតកម្លាំងបានរហូតដល់ ៤៤០ សេះ និងកម្លាំងរមួល ៦៩១ ញូតុនម៉ែត្រ ក៏ដោយ ប៉ុន្តែវាមិនទាន់ច្បាស់ទេថាតើវាមានផ្ដល់ជូនជាមួយកញ្ចប់តុបតែង Stealth appearance នេះដែរឬយ៉ាងណា។ គួររំលឹកផងដែរកាលពីឆ្នាំមុន ក្រុមហ៊ុនផលិតរថយន្តមួយនេះលក់បានរហូតដល់ ៨៥ ៩២១ គ្រឿង នៅក្នុងទីផ្សារសហរដ្ឋអាមេរិក មានកើនឡើង ១០.១%៕



















