Ford F-150 Raptor ឆ្នាំ២០១៩ បំពាក់ប្រព័ន្ធបូមពិសេសមួយ មនុស្សភាគច្រើនមិនដឹង

Ford បាន​ធ្វើ​កំណែ F-150 Raptor ​ឆ្នាំ ២០១៩ ដោយ​សហការ​ជា​មួយ​ក្រុមហ៊ុន​ដ៏​ល្បី FOX Racing ដើម្បី​បង្កើត​ប្រព័ន្ធ​បូម​ថ្មី​មួយ​ដែល​គ្រប់គ្រង​ដោយ​អេឡិចត្រូនិច ហៅថា Live Valve។

ប្រព័ន្ធ​នេះ​អាច​កាត់​បន្ថយ​ការ​រលាក់​ពី​ផ្លូវ នៅ​ក្នុង​ពេល​វេលា​ជាក់ស្តែង ដោយ​ប្រើប្រាស់​ឧបករណ៍​ចាប់​សញ្ញា (Sensor) នៅ​ក្នុង​ប្រព័ន្ធ​ប៊ូម និង តួ​ខ្លួន​រថយន្ត ដែល​អាច​ជួយ​បង្កើន​នូវ​ផាសុខភាព និង ការ​យក​ចង្កូត ជា​ដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា​បូម Live Value នេះ ត្រូវ​ដំណើរការ​ជាមួយ​ប្រព័ន្ធ​គ្រប់គ្រង​ស្ថានភាព​ផ្លូវ Terrain Management System។ ក្រៅ​ពី​នេះ វា​ក៏​អនុញ្ញាត​ឲ្យ​រថយន្ត​ភីកអាប់ខាង​លើ បើកបរ​លើ​ស្ថានភាព​ផ្លូវ​លំបាក​ក្នុង​ល្បឿន​លឿន​កាន់តែប្រសើរ​ជាង​មុន​ផង​ដែរ។

លោក Hermann Salenbauch នាយក​ផ្នែក Ford Performance បាន​និយាយ​ថា ឡាន Pickup មិន​ច្រើន​ទេ​ដែល​ត្រូវការ Sensor ដើម្បី​ចាប់​សញ្ញា នៅ​ពេល​បើក​កាត់​ទួល​ហោះ​ផុត​ពី​ដី។ F-150 Raptor អាច​កំណត់​បូម​ឲ្យ​រឹង​មាំ​បំផុត​ដោយ​ខ្លួន​ឯង ដើម្បី​ជួយ​ទប់​នៅ​ពេល​ធ្លាក់​ចុះ​មក​ដី​វិញ។

ទោះ​បី​ជា​យ៉ាង​ណា F-150 Raptor ស៊េរី​ឆ្នាំ ២០១៩ នេះ ក៏​បាន​កែប្រែ​ផ្នែក​ខាង​ក្នុង​មួយ​ចំនួន​ផង​ដែរ ជា​ពិសេស​បាន​បំពាក់​កៅអី​ស្ព័រ​របស់​ក្រុមហ៊ុន Recaro ដែល​ជួយ​ឱប​អ្នក​ដំណើរ ក៏​ដូច​ជា​អ្នក​បើកបរ​ឲ្យ​នៅ​នឹង​កន្លែង​បាន​ល្អ នៅ​ពេល​បើក​ផ្លូវ​កោង។

លើស​ពី​នេះ​ទៅ​ទៀត វា​ផ្តល់​ពណ៌​ថ្មី​រហូត​ដល់​ទៅ ៣ ជម្រើស គឺ ពណ៌​ខៀវ (Ford Performance Blue) , ពណ៌​ខៀវ (Velocity Blue) និង ពណ៌​ខ្មៅ (Agate Black)។

Ford F-150 Raptor ប្រើ​ម៉ាស៊ីន EcoBoost ចំណុះ ៣,៥ លីត្រ Twin-turbo ទំហំ ៦ ស៊ីឡាំង មាន​កម្លាំង ៤៥០ សេះ ដំណើរការជាមួយ​ប្រអប់​លេខអូតូ ១០ វគ្គ ហើយមានល្បឿន​អតិបរមា ១៧០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម