ក្រុមហ៊ុន Ford ទើបតែបានប្រកាសចេញរថយន្តអគ្គិសនី Mustang Mach-E GT ប្រភេទថ្មីមួយទៀត ដែលមានកម្លាំងរឹតតែខ្លាំង និងស្ទុះខ្លាំងជាងមុន ហៅថា Mustang Mach-E GT Performance Edition។
រថយន្តអគ្គិសនីនេះជាកូនពៅគេក្នុងត្រកូល Mustang Mach-E ដោយផ្តល់កម្លាំងដល់ ៤៨០សេះ និងកម្លាំងបង្វិល ៨៦០ Nm ខ្លាំងជាងម៉ូដែលធម្មតាដល់ទៅ ២១សេះឯណោះ។
Mustang Mach-E GT Performance Edition អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,៥វិនាទីប៉ុណ្ណោះ ហើយអាចបើកបរបានចម្ងាយ ៣៧៨គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង។
ក្រៅពីមានដំណើរការខ្លាំងជាងមុន រថយន្តនេះក៏មានបំពាក់ហ្វ្រាំងមុខធំជាងមុន ទំហំ ១៩អ៊ីញ ជាមួយដុំហ្វ្រាំង Brembo ពណ៌ក្រហម, យ៉ាន់ទំហំ ២០អ៊ីញ និងសម្បកកង់ Pirelli ផងដែរ។
Ford នឹងផ្តល់ជម្រើសពណ៌ជាច្រើនសម្រាប់រថយន្តនេះ រួមទាំង Cyber Orange Metallic Tri-Coat, Dark Matter Gray Metallic, Rapid Red Metallic Tinted Clearcoat, Star White Metallic Tri-Coat, Grabber Blue Metallic, Shadow Black, Iconic Silver Metallic និង Space White Metallic ទៀតផង៕