GAC Trumpchi M6 PRO ប្រភេទ MPV ចេញលក់ជាផ្លូវការជាមួយតម្លៃចាប់ពី ១ មុឺនដុល្លារជាង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GAC បានធ្វើការដាក់បង្ហាញចេញនៅ GAC Trumpchi M6 PRO ប្រភេទ MPV ៧ កៅអី នឹងបានប្រកាសតម្លៃលក់ ដោយចាប់ផ្តើមពី ១៧ ១៨៥ ដុល្លារ ដល់ ២២ ៩២៣ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន។

រថយន្តនេះ មានប្រវែងសរុប ៤ ៧៨០ ម.ម ទទឹង ១ ៨៣៧ ម.ម កំពស់ ១ ៧៦៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨១០ ម.ម។ បើនិយាយពីការរចនាវិញ GAC Trumpchi M6 មានលក្ខណៈបែបស្ព័រ ជាពិសេសការរចនាប៉ាណាមុខមួយផ្ទាំងធំ អបដោយចង្កៀងមុខប្រភេទ Bi-LED ជាមួយនឹងអំពូលបំភ្លឺពេលថ្ងៃ LED តុបតែងដោយក្រូម៉េ។ ថាសកង់ស្ព័រទំហំ ១៧ អ៊ីញ ស្រោបដោយសំបកកង់ 215/55 R17 និងចង្កៀងក្រោយប្រភេទ LED ផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រីឯនៅខាងផ្នែកខាងក្នុងកាប៊ីនតុបតែងជា ២ ពណ៌ ខ្មៅ-ក្រហមត្នោត ប្រើប្រាស់ជាមួយដៃចង្កូត ២ប្រឡោះ, កុងទ័របង្ហាញព័ត៌មាន LCD ទំហំ ១២,៣ អ៊ីញ, អេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញ, ឧបករណ៍បំពងសម្លេងចំនួន ៨ ចំនុច, ប្រព័ន្ធភ្ជាប់ទូរសព្ទឆ្លាតវៃ HiCar, ប្រព័ន្ធ ADiGO smart និងប្រព័ន្ធ IoT ជាដើម។

បន្ថែមពីនេះ កៅអីអ្នកបើកបរអាចលៃតម្រូវតាមរយៈថាមពលអគ្គិសនី ៦ ទិសដៅ, កៅអីខាងក្រោយនៃកៅអីជួរទី ៣ អាចលៃតម្រូវបានផងដែរ និងកាំមេរ៉ា ៣៦០ ដឺក្រេជាដើម។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ turbocharged អាចផលិតកម្លាំងបាន ១៦៦ សេះ និងកម្លាំងរមួល ២៦៥ ញ៉ូតុនម៉េត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម