Honda បង្ហើបរូបរាងថ្មីនៃឡានវ៉ែន Step WGN ជំនាន់ថ្មី

ក្រុមហ៊ុន Honda បានបង្ហាញចេញរូបភាពមួយចំនួនដែលបង្ហាញអំពីរថយន្តវ៉ែន Step WGN ជំនាន់ថ្មី ដែលរថយន្តនេះនឹងប្រកាសចេញជាផ្លូវការនាថ្ងៃទី៧ ខែមករាខាងមុខនេះ ដោយការបង្ហាញចេញ Teaser ក៏ដូចជាថ្ងៃប្រកាសចេញប្រហាក់ប្រហែលនឹងរថយន្ត Toyota Noah និង Voxy ដែរ។

រថយន្ត Step WGN នឹងមានប្រើប្រាស់ប្រព័ន្ធ Hybrid e:HEV របស់ Honda ដែលនឹងធ្វើឲ្យវាសន្សំសំចៃប្រេងសាំងបានកាន់តែល្អប្រសើរជាងមុន។ ទាក់ទងនឹងការឌីហ្សាញវិញ រថយន្តថ្មីនេះគឺស្រដៀងនឹងរថយន្តស៊េរីមុនដែរ ដោយមានការឌីហ្សាញជាជ្រុងៗ មានកញ្ចក់វែង និងគូថក្រោយរាបស្មើ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រូបភាព Teaser បានបង្ហាញពីផ្នែកខាងក្នុងខ្លះៗផងដែរ ដោយរថយន្តនេះមានកៅអីអង្គុយចំនួនបីជួរ អាចផ្ទុកអ្នកដំណើរបាន៦នាក់ ដែលកៅអីអង្គុយជួរកណ្ដាលជាប្រភេទ VIP សម្រាប់ផ្ទុកមនុស្សបានពីរនាក់ មានគួបផ្សំដោយគ្រឿងបរិក្ខារទំនើបៗជាច្រើន។

Step WGN បានប្រកាសចេញកាលពីឆ្នាំ១៩៩៦ ដូចនេះឆ្នាំ២០២២ នឹងត្រូវជាខួបទី២៥ឆ្នាំនៃរថយន្ត ខណៈដែលរថយន្តជំនាន់បច្ចុប្បន្នជាជំនាន់ទីប្រាំ បានប្រកាសចេញកាលពីឆ្នាំ២០១៥ ជាមួយម៉ាស៊ីន 1.5 VTEC Turbo រួចទទួលបានការដុះខាត់រូបរាងនៅឆ្នាំ២០១៧។

Honda នឹងប្រកាសចេញព័ត៌មានដទៃទៀតអំពីរថយន្ត Step WGN ជំនាន់ថ្មីលើវិបសាយរបស់ខ្លួន មុនការបង្ហាញជាផ្លូវការនៅថ្ងៃទី៧ ខែមករា ហើយការដឹកជញ្ជូនរំពឹងថានឹងចាប់ផ្ដើមនៅជប៉ុននៅអំឡុងត្រីមាសទីពីរនៃឆ្នាំ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម