[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត HONDA ប្រចាំនៅប្រទេសឥណ្ឌូនេស៊ី បានធ្វើការប្រកាសដាក់បង្ហាញចេញនៅរថយន្ត HONDA Brio ស៊េរីឆ្នាំ ២០២៣ ដែលទទួលបានការអាប់ឌែតមុខមាត់ថ្មី មាន ៥ ម៉ូដែលសម្រាប់ជ្រើសរើសជាមួយតម្លៃលក់ចាប់ពី ១១ ២៧៨ ដុល្លារ ដល់ ១៦ ៥៨០ ដុល្លារ ។
Honda Brio ទទួលបានការអាប់ដេតផ្តោតលើផ្នែកខាងមុខដូចជា កាងការពារត្រូវបានបានរចនាឡើងវិញរួមទាំងប៉ាណាមួយផ្ទាំងធំជាមួយអក្សរ RS ជាប់សងខាងដោយចង្កៀងមុខប្រភេទ Full-LED រចនាថ្មី ត្រឡោកកញ្ចក់មុខងារក្តោបអូតូបំពាក់អំពូល LED ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៥ អ៉ីញ កាង spoiler ខាងក្រោយជាប់ដំបូលលយចេញក្រៅ និងចង្កៀងក្រោយប្រភេទ LED ផងដែរ ។
ចំពោះនៅផ្នែកខាងក្នុងវិញ បានតុបតែងមកជាមួយពណ៌ខ្មៅ មានបំពាក់កុងទ័របង្ហាញព័ត៌មានប្រភេទ LCD និងអេក្រង់កំសាន្ត touch screen ថ្មីទំហំ ៧ អ៉ីញ ភ្ជាប់មុខងារ Apple Carplay និង Android Auto ។ លើសពីនេះ ក៏បានបន្ថែមប៊ូតុង Start/Stop ប្រព័ន្ធម៉ាស៊ីនត្រជាក់បែបឌីជីថល ដៃចង្កូតអាចសារេឡើង-ចុះបាន និងឧបករណ៍បំពងសំឡេងម៉ាក twitter ជាដើម ។
ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,២ លីត្រ ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ៨៩ សេស និងកម្លាំងរមួល ១១០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ ៥ វគ្គ ឬប្រអប់លេខអូតូ CTV ៕