Honda Civic Type R ស៊េរីឆ្នាំ២០២៣ លក់នៅអាមេរិក អាចផលិតកម្លាំងបាន ៣១៥សេះ

[ទីផ្សារបរទេស] ក្រុមហ៊ុន Honda បានបង្ហាញចេញលក្ខណៈសម្បត្តិរបស់ Civic Type R ស៊េរីឆ្នាំ២០២៣ ជាផ្លូវការ​សម្រាប់​ទីផ្សារ​អាមេរិកខាងជើង ដោយ​រថយន្តស៊េរីថ្មីនេះនឹងអាចផលិតកម្លាំងជាងស៊េរីបច្ចុប្បន្នបានចំនួន ៩សេះ។

ដោយប្រើប្រាស់ម៉ាស៊ីន K20C1 របស់ Honda ដែលជាប្រភេទ Turbocharged ៤ស៊ីឡាំង រថយន្ត Civic Type R ស៊េរី​ថ្មី​អាចផលិតកម្លាំងបាន ៣១៥សេះ និងមានកម្លាំងបង្វិលចន្លោះពី ២៦០០ ទៅ ៤០០០​ជុំក្នុងមួយនាទី ដែលធ្វើ​ឲ្យរថយន្តនេះ​ក្លាយ​ជា​រថយន្ត​កម្លាំងខ្លាំងជាងគេរបស់ Honda សម្រាប់ទីផ្សារអាមេរិក។

ពាណិជ្ជកម្ម

ព្រោះតែប្រើប្រាស់គ្រោងឆ្អឹងរបស់ Civic Hatchback ជំនាន់ទី១១ ហេតុនេះហើយ Civic Type R ស៊េរី​ថ្មី​មាន​ប្រវែង​ពី​កង់​មុខទៅកង់​ក្រោយវែងជាងមុន ៣,៥ស.ម ខណៈដែលកង់រថយន្ត​ស្ថិតនៅចម្ងាយឆ្ងាយពីគ្នាជាងមុន ២,៥ស.មសម្រាប់ផ្នែក​ខាង​មុខ និងផ្នែកខាងក្រោយវែងជាងមុន ១,៩ស.ម។

ពេលចេញលក់ អតិថិជនៅអាមេរិក នឹងមានជម្រើសពណ៌ចំនួនប្រាំឲ្យជ្រើសរើសសម្រាប់រថយន្តស៊េរីឆ្នាំ២០២៣នេះ ដោយ​មាន​ដូច​ជា​ Championship White (ផ្ដាច់មុខសម្រាប់ Type R), Rallye Red, Boost Blue, Crystal Black Pearl និង​ Sonic Grey Pearl។

រថយន្តស៊េរីថ្មីនេះនឹងត្រូវផលិតនៅរោងចក្រ Yorii របស់ Honda ក្នុងប្រទេសជប៉ុន ប៉ុន្តែម៉ាស៊ីន​រថយន្ត​នឹង​ទទួលបាន​ការ​ផ្គត់ផ្គង់​ពី​រោង​ចក្រ Anna Engine របស់ Honda នៅ​ក្នុងរដ្ឋ Ohio សហរដ្ឋអាមេរិក។ ចំពោះតម្លៃវិញ នឹងត្រូវបង្ហាញពេលដែលរថយន្ត​នេះ​ជិត​ចេញ​លក់៕

Sponsored