[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda គ្រោងនឹងដាក់បង្ហាញចេញនៅគំរូរថយន្ត Honda Cruise Origin ដែលជារថយន្តក្រុងសាធារណៈបើកបរដោយស្វ័យប្រវតិ្ដែលត្រូវបានផលិតឡើងក្រោមការសហការជាមួយក្រុមហ៊ុន General Motors នៅក្នុងកម្មវិធី Japan Mobility Show 2023 ប្រទេសជប៉ុននៅចុងខែតុលា ឆ្នាំ ២០២៣ ។
សម្រាប់ Cruise Origin ត្រូវបានផលិតឡើងដោយក្រុមហ៊ុន GM និង Honda ជារថយន្តក្រុងដែលបើកបរដោយខ្លួនឯង (គ្មានអ្នកបើកបរ) ដែលអាចឈប់ទទួលអ្នកដំណើរពីទីតាំងដែលបានកំណត់មុននឹងនាំអ្នកទៅកាន់គោលដៅរបស់អ្នកដោយស្វ័យប្រវត្តិដោយមិនចាំបាច់មានអ្នកបើកបរតាមរយៈកម្មវិធីនៅលើស្មាតហ្វូន។
ចំពោះនៅផ្នែកខាងក្នុងរបស់ Cruise Origin ត្រូវបានរចនាឡើងដោយគ្មានដៃចង្កូត ឬកៅអីអ្នកបើកបរ ជាលទ្ធផលមានកន្លែងសម្រាប់អ្នកដំណើរធំទូលាយអាចផ្ទុកបានរហូតដល់ ៦ នាក់ដែលរៀបចំកន្លែងអង្គុយទល់មុខគ្នា ។
គួរឲ្យដឹងថា ក្រុមហ៊ុន Honda ក៏មានគម្រោងនាំយក Cruise Origin មកបម្រើសេវាកម្មផ្តោតលើការចាប់យកក្រុមអតិថិជនចម្រុះ មិនថាជាអ្នកជំនួញ គ្រួសារ ឬសូម្បីតែអ្នកទស្សនាព្រឹត្តិការណ៍ផ្សេងៗ។ ក្រុមហ៊ុន Honda បញ្ជាក់ថា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន ៣ ដែលកំពុងរៀបចំដាក់ឲ្យដំណើរការរថយន្តក្រុងគ្មានអ្នកបើកបរនៅកណ្តាលទីក្រុងតូក្យូនៅដើមឆ្នាំ ២០២៦ ដែលនឹងចាប់ផ្តើមពីរថយន្តចំនួន ១០គ្រឿង មុនពេលពង្រីកដល់ទៅ ៥០០ គ្រឿង ដើម្បីផ្តល់សេវាកម្មដល់តំបន់នានានៅខាងក្រៅទីក្រុងតូក្យូផងដែរ ៕