Honda បង្ហាញរូបភាព Teaser នៃរថយន្ត Honda Accord ជំនាន់ទី ១១ ថ្មីទាំងស្រុង មុនពេលបង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត​ Honda បានធ្វើការដាក់បង្ហាញចេញនៅរូបភាព​ Teaser នៃរថយន្ត Honda Accord ជំនាន់ទី ១១ ថ្មី ដែលបានអភិវឌ្ឍនៅម៉ាស៊ីនកូនកាត់ Hybrid​ មុនបង្ហាញខ្លួនជាផ្លូវការនៅក្នុងទីផ្សារសហរដ្ឋអាមេរិក។

ក្នុងនោះ ក្រុមហ៊ុន Honda បានហៅរថយន្តប្រភេទ Sedan ថ្មីនេះថា “ស្ព័រ ទំនើប ឆ្លាតវៃ និងផាសុកភាព” ហើយអួតថាវានឹងមានរចនាប័ទ្ម “Sleek Styling” ដែលទាំងអស់នេះមើលទៅជួយឲ្យរថយន្តនេះកាន់តែទំនើប។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តាមរូបភាព teaser បានបង្ហាញពីការរចនាផ្នែកខាងក្រៅរបស់រថយន្តជំនាន់ថ្មីនេះ បានបំពាក់ដោយប៉ាណាមុខឲ្យឈ្មោះថា Trapezoidal ក្រោមភាសាការរចនាថ្មី ចង្កៀងមុខរចនាថ្មី “Sleek Styling”  និងចង្កៀងខាងក្រោយប្រភេទ LED រាងស្លីម អូសកាត់វែងមានឡូហ្គោ ​Honda នៅចំកណ្តាល និងឡូហ្គោ Hybrid ក៏ដូចជាឡូហ្គោ TOURING ផងដែរ។

រីឯនៅផ្នែកខាងក្នុងកាប៊ីន បំពាក់ដោយកុងទ័រព័ត៌មាន LCD ទំហំ ១០,២៥ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញនៅចំកណ្តាល និងអាចភ្ជាប់ជាមួយប្រព័ន្ធ Google ជាលើកដំបូង។ ការរចនាខាងក្នុងស្រដៀងទៅនឹង HONDA CIVIC ស៊េរីថ្មី ដោយមានរន្ធម៉ាស៊ីនត្រជាក់លាក់, រន្ធសាក USB ចំនួន ២ និងកន្លេងសាកថ្មឥតខ្សែជាដើម។

ចំពោះផ្នែកម៉ាស៊ីនវិញ ក្រុមហ៊ុន Honda បានបង្ហាញតិចតួច ប៉ុន្តែនិយាយថា Accord ជំនាន់ទី ១១ នឹងបំពាក់ជាមួយម៉ាស៊ីនកូនកាត់ Hybrid “fun-to-drive” ហើយត្រូវបានចូលរួមជាមួយ CR-V និង Civic Hybrid ថ្មីនាពេលខាងមុខ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម