Jaguar នឹងប្រកាសចេញឡានប្រើម៉ាស៊ីន V8 ចុងក្រោយនៅឆ្នាំ២០២៣

[ទីផ្សារបរទេស] ក្រុមហ៊ុន Jaguar កំពុងស្ថិតក្នុងដំណាក់កាលនៃការផ្លាស់ប្ដូរដ៏ធំមួយ ដែលគេនឹងឃើញក្រុមហ៊ុននេះប្រកាស​ចេញ​រថយន្ត SUV អគ្គិសនីចំនួនបីនៅក្នុងឆ្នាំ២០២៥ ដែល​ជាការផ្លាស់ខ្លួនចូលទីផ្សារ​រថយន្តប្រណីត​ថ្មី​ផងដែរ។ យ៉ាងណា​ក៏​ក្រុម​ហ៊ុន​នៅ​មាន​គម្រោងផលិតរថយន្តប្រើម៉ាស៊ីន​មួយ​ចំនួនោងដែរ។

ក្នុងកិច្ចសម្ភាសន៍ជាមួយ Autocar ប្រធានក្រុមហ៊ុន Jaguar Land Rover ឈ្មោះថា Nick Collins បាន​បង្ហាញថា Jaguar នឹង​ប្រកាស​ចេញ​ស៊េរីពិសេសនៃរថយន្តដែលមាន​លក់​បច្ចុប្បន្ន មុនពេលដែលក្រុមហ៊ុន​ផ្លាស់​ខ្លួន​ជាក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​សុទ្ធ ហើយរថយន្តទាំងនោះ នឹងមាន​ជា F-Type ប្រភេទពិសេសផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រធានរូបនេះលើកឡើងថារថយន្ត F-Type ស៊េរីពិសេសនឹងត្រូវប្រកាសចេញនៅ​ឆ្នាំ២០២៣ ជា​ឆ្នាំ​ដែល​រថយន្ត​ស្ព័ររបស់ Jaguar ចម្រើន​វៃ​៧៥ឆ្នាំ។ រថយន្តពិសេសនេះដែរ នឹងជារថយន្ត​ស្ព័រចុងក្រោយគេរបស់ Jaguar ដែល​ប្រើ​ប្រាស់​ម៉ាស៊ីន​ V8។

ក្នុងទម្រង់ស្តង់ដារ រថយន្ត F-Type ដែលប្រើម៉ាស៊ីន V8 អាចផលិតកម្លាំងបាន ៤៤៤សេះ ដែល​វាជាម៉ាស៊ីន Supercharged និងមានចំណុះ៥,០លីត្រ។ រថយន្ត F-Type ក៏មានជាប្រភេទ F-Type R ដែលម៉ាស៊ីន V8 របស់វាអាចផលិតកម្លាំងបានដល់ ៥៧៥សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម