Renault និង Geely ចាប់ដៃគ្នាផលិតរថយន្ត Hybrid លក់ក្នុងប្រទេសចិន

ក្រុមហ៊ុន Renault បានធ្វើការចុះហត្ថលេខាលើអនុស្សរណ:យោគយល់គ្នា(MoU) សម្រាប់កិច្ចសហការជាមួយក្រុមហ៊ុនផលិតរថយន្តចិន Geely Holding ក្នុងកិច្ចព្រមព្រៀងក្រុមហ៊ុន Geely នឹងផលិត និងលក់រថយន្តកូនកាត់ Hybrid ម៉ាក Renault នៅប្រទេសចិន ខណ:ពេលក្រុមហ៊ុន Renault នឹងជួយ Lynk & Co ពង្រីកការលក់របស់ខ្លួនក្នុងប្រទេសកូរ៉េខាងត្បូង។

ក្រុមហ៊ុន Geely ដែលជាក្រុមហ៊ុនផលិតរថយន្តឯកជនធំជាងគេនៅប្រទេសចិននឹងប្រើប្រាស់ធនធាន និងបច្ចេកវិទ្យាផ្ទាល់ខ្លួនដើម្បីផលិតរថយន្តកូនកាត់ Hybrid របស់ក្រុមហ៊ុន Renault នៅក្នុងរោងចក្រក្នុងស្រុករបស់ខ្លួនដែលមានស្រាប់។ ក្រុមហ៊ុនបារាំង Renault នឹង“ ចូលរួមចំណែកក្នុងយុទ្ធសាស្ត្រយីហោ Channel និងការអភិវឌ្ឍន៍លើសេវាកម្ម”។  ភាពជាដៃគូថ្មីនេះកំពុងបង្ហាញពីការវិលត្រឡប់របស់ក្រុមហ៊ុន Renault មកកាន់ប្រទេសចិនវិញបន្ទាប់ពីឆ្នាំ ២០២០ នៅពេលដែលការបណ្តាក់ទុនរួមគ្នាពីមុនជាមួយក្រុមហ៊ុន Dongfeng Motor Group បានបញ្ចប់។ ដោយវាទំនងជាថារថយន្ត Hybrid ដែលមានម៉ាក Renault ផលិតនៅប្រទេសចិននឹងត្រូវបាននាំចេញទៅកាន់ទីផ្សារផ្សេងទៀតនាពេលអនាគតផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដូចដែលបានរាយការណ៍ដោយ Automotive News ខណៈដែលកិច្ចព្រមព្រៀងនេះផ្តោតលើម៉ូដែលកូនកាត់ Hybrid វាមានពាក្យចចាមអារាមថា ក្រុមហ៊ុនទាំងពីរនេះអាចនឹងធ្វើការអភិវឌ្ឍន៍លើរថយន្តអគ្គិសនីជាមួយគ្នាបន្ថែមទៀត។ ហើយវាត្រូវបានអោយតម្រុយនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការដែលចែងថា“ ដៃគូទាំងពីរនឹងបន្តស្វែងរកសក្តានុពលស៊ីជម្រៅបន្ថែមទៀត ក្រោមស្មារតីនៃភាពជាដៃគូ និងប្រកបដោយភាពច្នៃប្រឌិត”។

តាមរយៈការផលិតរថយន្ត Hybrid របស់ក្រុមហ៊ុន Renault នៅក្នុងរោងចក្រផ្ទាល់ខ្លួន Geely នឹងទទួលបានជំនាញបន្ថែមទៀត។ អត្ថប្រយោជន៍មួយទៀតសម្រាប់ក្រុមហ៊ុនចិនគឺថាវានឹងអាចប្រើប្រាស់បទពិសោធន៍របស់ក្រុមហ៊ុន Renault Samsung Motor នៅក្នុងទីផ្សារកូរ៉េខាងត្បូងដោយមានវត្តមានជាងពីរទសវត្សរ៍ដើម្បី“ ស្វែងយល់ពីការធ្វើមូលដ្ឋានីយកម្មយានយន្តផ្អែកលើ Energy-efficient Vehicle Platform របស់ Lynk & Co” ។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាក្រុមហ៊ុនផលិតរថយន្តអឺរ៉ុបដំបូងគេដែលបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Geely ទេ។ តួរយ៉ាងការបណ្តាក់ទុនរួមគ្នារវាង Daimler និង Geely នឹងអនុញ្ញាតឱ្យរថយន្តអគ្គិសនីដែលមានស្លាកយីហោផលិតដោយប្រទេសចិនត្រូវបានលក់ទូទាំងពិភពលោក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម