Kia នឹងប្រកាសចេញឡានអគ្គិសនីថ្មីឲ្យបាន ១៤ម៉ូដែលត្រឹមឆ្នាំ២០២៧

[ទីផ្សារបរទេស] មួយថ្ងៃក្រោយពី Hyundai និង Genesis ធ្វើបទបង្ហាញ​អំពី​យុទ្ធសាស្ត្ររថយន្តបច្ចេកវិទ្យា​អំឡុង​ព្រឹត្តិការណ៍ CEO Investor Day ប្រចាំឆ្នាំ២០២២ ក្រុមហ៊ុន Kia បានប្រកាសអំពីផែនការរបស់ខ្លួន ដែលក្នុងនោះរួមមានការប្រកាសចេញរថយន្តអគ្គិសនីសុទ្ធឲ្យបាន១៤គ្រឿង ត្រឹមឆ្នាំ២០២៧។

ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះនឹងប្រកាសចេញរថយន្តអគ្គិសនីសុទ្ធឲ្យបានយ៉ាងហោចណាស់ពីរម៉ូដែលក្នុងមួយឆ្នាំ ដើម្បីសម្រេចតាមផែនការរថយន្តអគ្គិសនី១៤ម៉ូដែល នៅត្រឹមឆ្នាំ២០២៧។ គោលដៅថ្មីនេះបាន​កើនឡើងបន្តិច បើធៀបនឹងគោលដៅចាស់ដែលចង់ប្រកាសចេញ១១ម៉ូដែល ត្រឹមឆ្នាំ២០២៦។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងចំណោមរថយន្តអគ្គិសនីថ្មីៗ Kia ក៏បានបញ្ជាក់ថានឹងមានពីរម៉ូដែលគឺជារថយន្តភីកអាប់ ដោយជារថយន្តភីកអាប់ពេញលេញ ជាមួយរថយន្តភីកអាប់ដែលផលិតឡើងស្របតាមទីផ្សារដែលកំពុងរីកលូតលាស់។ បន្ថែមពីនេះ Kia ក៏បានបញ្ជាក់ពីរថយន្តអគ្គិសនីតម្លៃធូរផងដែរ។

គួរដឹងផងដែរថា Kia បានដាក់គោលដៅលក់រថយន្តឲ្យបាន ៤លានគ្រឿងក្នុងមួយឆ្នាំនៅទូទាំងសកលលោក ដែលចង់សម្រេចឲ្យបានគោលដៅនេះត្រឹមឆ្នាំ២០៣០ ហើយក្នុងចំណោមនោះ ពាក់កណ្ដាលគឺជារថយន្តដែលសន្សំសំចៃថវិកា រួមមានរថយន្តអគ្គិសនីសុទ្ធចំនួន ១,២លានគ្រឿងផងដែរ។ លើសពីនេះ Kia ក៏ចង់ក្លាយជាម៉ាករថយន្តលេខមួយលើពិភពលោក ក្នុងទីផ្សាររថយន្ត PBV នៅត្រឹមឆ្នាំ២០៣០។

ការប្រកាសចេញផែនការយុទ្ធសាស្ត្រថ្មីនេះគឺជាការវិវត្តន៍ថ្មីលើផែនការយុទ្ធសាស្ត្រ “Plan S” ដែលក្រុមហ៊ុនបានប្រកាសកាលពីឆ្នាំ២០២០ ដោយមានបន្ថែមគោលដៅកាន់តែធំជាងមុន ហើយក្នុងរយៈពេល៥ឆ្នាំខាងមុខ ក្រុមហ៊ុនត្រៀមបណ្ដាក់ទុនទឹកប្រាក់ប្រមាណ ២៣,២ពាន់លានដុល្លារ ដើម្បីសម្រេចមហិច្ឆតារបស់ខ្លួន។

សម្រាប់គោលដៅលើប្រាក់ចំណូលវិញ Kia ចង់ទទួលបានប្រាក់ចំណូល ៩៩,៤ពាន់លានដុល្លារក្នុងមួយឆ្នាំ ឲ្យបានត្រឹមឆ្នាំ២០២៦ ជាមួយ ៨,៣% គឺជាប្រាក់ចំណេញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម