Kia សម្រេចឈប់លក់ឡាន Sedan ពីរនេះនៅអាមេរិក

អ្នកគាំទ្ររថយន្ត Sedan របស់ Kia កំពុងខូចចិត្តខ្លាំងនឹងដំណឹងដែលថាក្រុមហ៊ុនបានបញ្ឈប់ការលក់ Cadenza និងរថយន្ត K900 នៅលើទីផ្សារសហរដ្ឋអាមេរិកចាប់ពីឆ្នាំ ២០២១ នេះ។

Cadenza

វាជាការសម្រេចចិត្តដែលធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងដោយសាររថយន្ត Cadenza ដែលបានផ្លាស់ប្ដូរមុខមាត់ថ្មីទើបបង្ហាញវត្តមានក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Chicago Auto Show កាលពីឆ្នាំមុនប៉ុណ្ណោះ។ រថយន្ត Cadenza មានតម្លៃចាប់ពី ៣៧ ៨៥០ដុល្លារ ដែលមានម៉ាស៊ីនចំណុះ ៣,៣លីត្រ ៦ស៊ីឡាំង កម្លាំង ២៩០សេះ។

ចំណែករថយន្ត K900 គឺជារថយន្ត Sedan ប្រណីតមួយរបស់ Kia ដែលមានតម្លៃចាប់ពី ៥៩ ៩០០ដុល្លារ។ រថយន្តនេះមានបំពាក់ម៉ាស៊ីន Twin-Turbo ចំណុះ ៣,៣លីត្រ ៦ស៊ីឡាំង កម្លាំង ៣៦៥សេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
K900

រថយន្ត K900 ត្បិតថាជារថយន្ត Sedan ប្រណីតដ៏ទាក់ទាញមួយ ប៉ុន្តែវាអាចលក់ចេញបានត្រឹម ៣០៥គ្រឿងនៅសហរដ្ឋអាមេរិកកាលពីឆ្នាំ ២០២០ ហើយនៅឆ្នាំ ២០១៩ អាចលក់ចេញបាន ៣៩០គ្រឿងប៉ុណ្ណោះ។ ដោយឡែករថយន្ត Cadenza វិញអាចលក់ចេញបានចំនួន ១ ២៦៥គ្រឿងកាលពីឆ្នាំ ២០១៩ ដែលចំនួនលក់មានការធ្លាក់ចុះចាប់តាំងពីឆ្នាំ ២០១៧មក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម