
[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Kia បានធ្វើការដាក់បញ្ចេញនៅរថយន្តអគ្គិសនីសុទ្ធម៉ូដែល EV9 ស៊េរីឆ្នាំ ២០២៦ ជាមួយតម្លៃលក់ទាបជាងមុនដល់ទៅ ២ ០០០ ដុល្លារ ពោលមានតម្លៃចាប់ពី ៥៤ ៩០០ ដុល្លារ ដល់ ៧១ ៩០០ ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក ។
Kia EV9 ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង E-GMP platform ដំណើរការដោយ៖
- ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានចំនួន ២០១ និង ២១៥ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ
- ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានចំនួន ៣៧៩ សេះ និងកម្លាំងរមួល ៦០០ ញ៉ូតុនម៉ែត្រ។ ផ្តល់ជូននៅជម្រើសកញ្ជប់អាគុយទំហំ ៧៦,១ សាកថ្មពេញម្តង ជិះបាន ៣៧០ គីឡូម៉ែត្រ និងជម្រើសអាគុយទំហំ ១០០ គីឡូវ៉ាត់ម៉ោង អាចបើកបរបាន ៤៩០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង និងគាំទ្រការសាកល្បឿនលឿន អាចសាកបានពី ១០-៨០% ប្រើរយៈពេលខ្ទង់ ៣០នាទី ។
សម្រាប់រូបរាងផ្នែកខាងក្រៅរបស់ KIA EV9 ថ្មីនេះ រក្សាការឌីស្សាញបែបជ្រុងដដែល ដោយមានប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រទំហំ ២១ អ៉ីញជាដើម ។
ចំពោះនៅខាងក្នុង មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ ជាប្រភេទអេក្រង់ភ្លោះ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាអេក្រង់ touchscreen ទំហំ ៥អ៉ីញ សម្រាប់បញ្ជាម៉ាស៊ីនត្រជាក់, កន្លែងសាកថ្មឥតខ្សែ ដំបូលកញ្ជក់ Panoramic sunroof និងប្រព័ន្ធជំនួយការបើកបរ Highway Driving Assist 2 និង Autonomous Driving Level 3 ផងដែរ៕