Lamborghini នឹងជាក្រុមហ៊ុនរថយន្តដំបូងគេដែលប្រកាសចេញរថយន្តស៊េរីថ្មីដោយប្រើប្រាស់នូវបច្ចេកវិទ្យា Augmented Reality ដែលហៅកាត់ថា AR។
រថយន្តថ្មីគឺជាម៉ូដែល Huracan EVO RWD Spyder ដែលនឹងបង្ហាញមុខជាផ្លូវការនាថ្ងៃទី ៧ ខែឧសភា តាមរយៈវិបសាយផ្លូវការរបស់ Lamborghini ដែលវាត្រូវនឹងបរិបទបច្ចុប្បន្នតម្រូវឲ្យមនុស្សស្ថិតនៅផ្ទះតាមដែលអាចទៅរួច និងជៀសវាងការជួបជុំនានា។
ដើម្បីអាចទស្សនាការបង្ហាញរថយន្តតាមរយៈបច្ចេកវិទ្យា AR បានគឺត្រូវមាន iPhone ឬ iPad ដែលប្រើ iOS 11 ឡើងទៅ និងមានប្រើបន្ទះឈីបចាប់ពី A9 ឡើងទៅ។ ក្នុងនោះរួមមាន iPhone 6 ឡើងលើ, iPhone SE, iPad Pro, iPad ជំនាន់ទី៥ឡើង, iPad mini ជំនាន់ទី ៥ ឡើង, iPad Air ជំនាន់ទីបី និង iPod touch ជំនាន់ទី៧។
នៅពេលចូលទៅកាន់វិបសាយ Lamborghini នាថ្ងៃស្អែក អំឡុងពេលប្រកាសចេញរថយន្ត អ្នកនឹងឃើញមានប៊ូតុង “See in AR” ដែលអាចឲ្យអ្នកឃើញ Huracan EVO RWD Spyder ច្បាស់ៗនៅនឹងភ្នែក អាចឲ្យវាស្ថិតនៅទីតាំងណាមួយបានតាមចិត្ត៕