Lamborghini Urus ប្រភេទមិនប្រើសាំង ជារឿងមិនអាចជៀសផុត

[ទីផ្សារបរទេស] Lamborghini Urus ជារថយន្តមួយស្ថិតក្នុងចំណោមរថយន្ត SUV ប្រណីត និងមានកម្លាំងខ្លាំងដែលមានដាក់លក់​បច្ចុប្បន្ន ហើយរថយន្តនេះក៏ទទួលបានប្រជាប្រិយភាពខ្លាំង និងតែងតែក្លាយជារថយន្តលក់ដាច់ជាងគេរបស់ក្រុមហ៊ុន។

ថ្មីៗនេះដែរ ប្រធានផ្នែកឌីហ្សាញរបស់ Lamborghini លោក Mitja Borkert បានជួបនិយាយជាមួយសារព័ត៌មានរថយន្តអូស្ត្រាលី Drive ដោយបានជជែកលើប្រធានបទជាច្រើន ក្នុងនោះមានការលើកឡើងទាក់ទងនឹងរថយន្ត Lamborghini Urus ប្រភេទប្រើថាមពលអគ្គិសនីសុទ្ធផងដែរ។

ពាណិជ្ជកម្ម

លោក Mitja បានលើកឡើងបែបនេះ ៖ “មិនយូរមិនឆាប់ រថយន្ត Urus នឹងប្រែក្លាយជារថយន្តអគ្គិសនី…និយាយតាមត្រង់ទៅ ការរឹតបន្តឹងលើច្បាប់ឧស្ម័នពុលលើពិភពលោក រួមទាំងការទទួលយកពីសង្គម ច្បាស់ណាស់ថារថយន្តអគ្គិសនីគឺជាទិន្នាការបន្ទាប់”។ យ៉ាងណាក្ដី លោកបានបញ្ជាក់ថា ៖ “ខ្ញុំមិននិយាយចាប់ពីឥឡូវទេថារថយន្ត Urus ជំនាន់ថ្មីនឹងជាប្រភេទអគ្គិសនីនោះ ប៉ុន្តែការ​ប្រែក្លាយរថយន្តប្រភេទនេះ (ប្រភេទ SUV) ទៅជារថយន្តអគ្គិសនីគឺសមហេតុផលបំផុត។”

ត្រង់នេះ គេពិបាកសន្មត់ថាសម្ដីលោក Mitja មានន័យបែបណាណាស់ ប៉ុន្តែវាអាចបញ្ជាក់បានថា Lamborghini កំពុងគិតគូរ​លើ​រថយន្ត Urus ប្រភេទអគ្គិសនី ប៉ុន្តែវាអាចនឹងមិនបង្ហាញវត្តមាននៅជំនាន់បន្ទាប់ឡើយ។

បន្ថែមពីនេះដែរលោក Mitja បានបញ្ជាក់ថាក្រុមហ៊ុននឹងបន្តដាក់លក់រថយន្តប្រើម៉ាស៊ីនពីស្តុងតាមដែលអាចទៅរួច ដោយអាស្រ័យទៅលើច្បាប់ឧស្ម័នពុល ប៉ុន្តែការវិវត្តរថយន្តទៅប្រើថាមពលអគ្គិសនីនឹងជារឿងដែលមិនអាចជៀសផុតនោះឡើយ៕

Sponsored