
ក្រុមហ៊ុន Lamborghini ធ្លាប់បាននិយាយអំពីគម្រោង ផលិតរថយន្តអគ្គិសនីអស់ជាច្រើនឆ្នាំមកហើយ ប៉ុន្តែហាក់ដូចជាមិនទាន់ចេញជាផ្លៃផ្កាសោះ។ ថ្មីៗនេះពួកគេបានបញ្ជាក់ថា Lamborghini Urus ជំនាន់ក្រោយនឹងប្រើប្រាស់ Plug-in Hybrid ជំនួសការប្រើអគ្គិសនីសុទ្ធ ដោយសារអតិថិជនរបស់រថយន្តប្រណិតមួយនេះ មិនចង់បានជម្រើសប្រើប្រាស់អគ្គិសនីសុទ្ធនោះទេ។
ក្នុងសម្ភាសជាមួយសារព័ត៌មាន Autocar នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Lamborghini លោក Stephan Winkelmann បានមាននិយាយថា៖ «យើងចង់បានរថយន្តជំនាន់ថ្មីជាប្រភេទ Plug-in Hybrid វិញម្ដង។ នេះជាអ្វីដែលសំខាន់ណាស់សម្រាប់យើង និងសម្រាប់អតិថិជន»។ លោកបានបន្ថែមថា អតិថិជននឹងរីករាយជាខ្លាំងនៅពេលបានឮដំណឹងនេះ។
វាមិនទាន់ច្បាស់ថាពេលណាដែលរថយន្ត Crossover ជំនាន់ទីពីរនឹងមកដល់នោះទេ ប៉ុន្តែលោក Winkelmann បានបញ្ជាក់ថាវាអាចនឹងមកដល់ប្រហែលឆ្នាំ ២០២៩។ នោះជាពេលដ៏ឆ្ងាយ ប៉ុន្តែក្រុមហ៊ុននៅតែបន្តធ្វើការលើម៉ូឌែលថ្មីៗ និងម៉ូឌែលច្ចុប្បន្ន រួមទាំងកំណែទម្រង់ Plug-in Hybrid នៃរថយន្ត Urus Performante ផងដែរ។
ចំពោះរថយន្ត Lamborghini Urus ប្រើអគ្គិសនីសុទ្ធ គេអាចនឹងឃើញវត្តមានរបស់វានៅឆ្នាំ ២០៣៥។ ទោះជាយ៉ាងណាក៏ដោយ នេះមិនមែនជាកាលបរិច្ឆេទច្បាស់លាស់នោះទេ ដោយសារនាយកប្រតិបត្តិបានកត់សម្គាល់ថា ក្រុមហ៊ុនមានពេលវេលាគ្រប់គ្រាន់ក្នុងការអភិវឌ្ឍ។ នេះមានន័យថា ពួកគេអាចរង់ចាំមើលពីបទប្បញ្ញត្តិ ហេដ្ឋារចនាសម្ព័ន្ធ និងការទទួលយកមានការផ្លាស់ប្ដូរក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខសិន ទើបអាចសម្រេចចិត្តជាក់លាក់ក្នុងការអភិវឌ្ឍនរថយន្ដ Lamborghini Urus ប្រើអគ្គិសនីសុទ្ធ ។
ក្រឡេកមើលមករថយន្ត Lanzador EV ជាប្រភេទរថយន្ដប្រើអគ្គសិនីសុទ្ធ អាចនឹងត្រូវពន្យារពេលក្នុងការដាក់ឲ្យដំណើរលើទីផ្សារផងដែរ ចំពោះសម្រេចចិត្តក្នុងការដាក់ដំណើរជាផ្លូវនូវរថយន្ដម៉ូឌែលនេះ ត្រូវបានគេរំពឹងថានឹងធ្វើឡើងម្ដងទៀតនៅដើមឆ្នាំក្រោយ។ ទោះបីជាយ៉ាងនេះក្តី លោក Winkelmann បានបង្ហាញការគាំទ្ររបស់លោក ចំពោះការដាក់ឲ្យដំណើរការរថយន្ដនេះនៅចុងទសវត្សរ៍តែម្ដង។ មិនថានឹងមានអ្វីកើតឡើងនោះទេ ម៉ូឌែលនេះត្រូវបានពន្យារពេលរហូតដល់ឆ្នាំ ២០២៨ ទៅ ២០២៩។
យ៉ាងណាមិញរថយន្តគម្រូ Lanzador ធ្លាប់ត្រូវបានដាក់បង្ហាញនៅ Monterey Car Week ក្នុងឆ្នាំ ២០២៣ ក្នុងទម្រង់ជារថយន្ត crossover ប្រភេទ 2+2 ដំណើរការដោយមានប្រព័ន្ធបើកបរកង់បួន dual-motor និងផ្ទៃខាងក្នុងដែលស្ទើរតែទាំងស្រុងផលិតចេញពីវត្ថុធាតុដើមប្រកបដោយនិរន្តរភាព៕