នៅថ្ងៃទី១ ខែសីហា ឆ្នាំ ២០២១ ខាងមុខនេះគឺជាខួបទី ៧០ឆ្នាំ នៃការចាប់កំណើតរថយន្ត Land Cruiser ដែលនាំឲ្យមានការសង្ស័យថារថយន្ត Land Cruiser ជំនាន់ថ្មី ដែលមានរូបរាងថ្មីអាចនឹងបង្ហាញមុខចំថ្ងៃពិសេសនេះ។
នៅលើបណ្ដាញសង្គម អតីតវិស្វករជាន់ខ្ពស់នៃ Toyota Land Cruiser បានធ្វើការរាប់ថយក្រោយ សម្រាប់ថ្ងៃទី១ ខែសីហា ឆ្នាំ ២០២១ ប៉ុន្តែមិនច្បាស់ថាជាការអបអរខួបទី៧០ឆ្នាំនៃរថយន្ត ឬជាការឲ្យតម្រុយពីម៉ូដែលថ្មីនោះទេ។
រថយន្ត Toyota Land Cruiser ជំនាន់បច្ចុប្បន្នដែលជា 200 Series នឹងបញ្ឈប់ការផលិតនៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ ក្រោយមានវត្តមានអស់ពេល ១៤ឆ្នាំ។ ក្រោយបញ្ឈប់ការផលិត រោងចក្រ Toyota នៅជប៉ុននឹងចាប់ផ្ដើមការផ្លាស់ប្ដូរគ្រឿងបរិក្ខារសម្រាប់ផលិតម៉ូដែលថ្មី ដែលអាចចំណាយពេលជាច្រើនខែ។
បើផ្អែកតាមកាលបរិច្ឆេទបញ្ឈប់ការផលិត Land Cruiser 200 Series នេះ មានការប៉ាន់ស្មានថារថយន្ត Land Cruiser 300 Series អាចនឹងបង្ហាញវត្តមានមុនពាក់កណ្ដាលឆ្នាំ ២០២១ នេះ។ ដូចនេះខណៈពេលនេះ គេដាក់សង្ស័យលើកាលបរិច្ឆេទពីរផ្សេងគ្នានៃការបង្ហាញចេញរថយន្ត Land Cruiser 300 Series៕