Land Rover ផលិតឡាន Defender អត់ទាន់តម្រូវការ!

ក្រុមហ៊ុន Land Rover កំពុងតែពិបាកចិត្តរឿងផលិតឡាន Defender ស៊េរីថ្មីមិនទាន់តាមតម្រូវការអតិថិជន ស្របពេលដែលកំពុងជួបបញ្ហាខ្វះបន្ទះឈីបអេឡិចត្រូនិច។

នៅពេលនិយាយក្នុងអំឡុងពេលនៃការចេញផ្សាយប្រាក់ចំណូលប្រចាំត្រីមាសរបស់ក្រុមហ៊ុនផលិតរថយន្តអង់គ្លេសខាងលើ ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Jaguar Land Rover លោក Adrian Mardell បានឲ្យដឹងថា បញ្ជីរង់ចាំសម្រាប់ម៉ូដែលកូនកាត់ Plug-in Hybrid របស់ Jaguar Land Rover ជិតឈានដល់ ១២ ខែហើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោក Mardell បានលើកឡើងទៀតថា កង្វះខាតបន្ទះឈីប និងការលំបាកក្នុងការផលិតរថយន្ត Plug-in Hybrid របស់ម៉ាកនេះ ព្រមទាំងបញ្ហារបស់អ្នកផ្គត់ផ្គង់បន្ទះឈីបផង គឺជាកត្តារួមចំណែកដ៏ធំ។

ជាមួយគ្នានេះដែរ នាយកប្រតិបត្តិក្រុមហ៊ុន Jaguar Land Rover លោក Thierry Bollare បានបន្ថែមថា ក្រុមហ៊ុនលោកខកខានផលិតរថយន្តចំនួន ៧ ០០០ គ្រឿងក្នុងត្រីមាសទី១ ដោយសារបញ្ហាខ្វះបន្ទះឈីបអេឡិចត្រូនិកនេះ។

ក្នុងនោះផងដែរ លោក Mardell ក៏បានបង្ហើបឲ្យដឹងថា ការបញ្ជាទិញលើម៉ូដែល Defender ថ្មី មានរហូតដល់លើស ២០ ០០០ គ្រឿង ខណៈការលក់រាយនៃម៉ូដែលនេះ មានចំនួនជិត ៧ ០០០ គ្រឿងក្នុងមួយខែ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម