Lotus មានមហិច្ឆតាធំ ចង់លក់ឡានឲ្យបាន ១០ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ត្រឹម២០២៨

ខណៈពេលដែល ក្រុមហ៊ុន Lotus បានដំណើរការផ្តាច់មុខជា ក្រុមហ៊ុនផលិតរថយន្តស្ព័រសុទ្ធ យុគសម័យនៃការប្រើប្រាស់រថយន្តអគ្គិសនីបានជំរុញឲ្យវាពង្រីកមហិច្ឆតារបស់ខ្លួនកាន់តែខ្ពស់។

ក្រោយពេលការបង្ហាញចេញនូវរថយន្ត Eletre SUV ដែលប្រើថាមពលអគ្គិសនីសុទ្ធ និងទទួលបានប្រាក់វិនិយោគពី Geely ក្រុមហ៊ុន Lotus ចង់លក់រថយន្តឲ្យបានចំនួន ១០០ ០០០ គ្រឿងក្នុងមួយឆ្នាំ នៅត្រឹមឆ្នាំ ២០២៨។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខណៈពេលដែលតួលេខនេះហាក់បីដូចជាមិនច្រើនប៉ុន្មាន បើប្រៀបធៀបទៅនឹងក្រុមហ៊ុនធំៗ ដូចជា Toyota និង Volkswagen Group ដែលជាធម្មតាលក់បាន ១០ លានគ្រឿងក្នុងមួយឆ្នាំ តួលេខ ១០០ ០០០គ្រឿងរបស់ Lotus ពិតជាសំខាន់សម្រាប់ពួកគេ។

តាមពិតទៅ ក្រុមហ៊ុនផលិតរថយន្តរបស់អង់គ្លេសមួយនេះ អាចផលិតរថយន្តបានត្រឹមតែ ១ ៧១០ គ្រឿងប៉ុណ្ណោះ កាលពីឆ្នាំមុន។ មិនត្រឹមតែប៉ុណ្ណឹងទេ វាបានចំណាយពេល ៧០ ឆ្នាំ បន្ទាប់ពីការបង្កើតក្រុមហ៊ុន Lotus នៅឆ្នាំ ១៩៤៨ ដើម្បីផលិតរថយន្តទី ១០០ ០០០គ្រឿងរបស់ខ្លួន ដែលជារថយន្ត Evora ពណ៌ក្រហម ក្នុងខែសីហា ឆ្នាំ ២០១៨។

គួរឲ្យដឹងដែរថា រថយន្តអគ្គិសនី Lotus Eletre ត្រូវបានគេរំពឹងថា នឹងដាក់លក់ក្នុងតម្លៃចាប់ពី ១០០ ០០០ដុល្លារក្នុងមួយគ្រឿង ហើយវានឹងត្រូវផលិតផ្តាច់មុខ នៅក្នុងប្រទេសចិន។

រថយន្ត Lotus Eletre នឹងមានបំពាក់កញ្ចប់អាគុយទំហំ ១០០គីឡូវ៉ាត់ម៉ោង ដែលផ្តល់ចម្ងាយបើកបរប្រមាណ ៦០០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ ចំពោះប្រភេទ Base Model រថយន្ត Lotus Eletre មានកម្លាំង ៥៩២សេះ ហើយអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលមិនដល់ ៣វិនាទីនោះទេ ហើយអាចរត់ដល់ល្បឿនអតិបរមា ២៥៧គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម