Mazda CX-5 ២០២២ មុខមាត់ថ្មី ដាក់លក់ក្នុងប្រទេសឥណ្ឌូនេស៊ី ជាមួយតម្លៃខ្ទង់ ៤មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mazda បានធ្វើការដាក់បញ្ចេញរថយន្ត Mazda CX-5 ស៊េរីឆ្នាំ ២០២២ ​លក់​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ដែល​​ជា​ទីផ្សារ​ដំបូង​គេ​ក្នុង​តំបន់​អាស៊ាន​ដែល​ចេញ​ម៉ូដែល​នេះ ដោយមាន ​​២ ប្រភេទគឺ Elite Edition និង Kuro Edition ជាមួយតម្លៃ ៤១ ៥៨៤​ ដុល្លារ និង ៤២ ២៤១ ដុល្លារ។

បើនិយាយពីរូបរាងវិញ Mazda CX-5 ស៊េរីឆ្នាំ ២០២២ មានការផ្លាស់ប្តូរបន្តិចបន្តួច ដោយរថយន្តនេះនៅតែមានភាសារចនា KODO និងបំពាក់ជាមួយប៉ាណាមុខមានការរចនាយ៉ាងទាក់ទាញ អមជាមួយចង្កៀងមុខរាងស្លីមត្រូវបានកែច្នៃឡើងវិញកាន់តែទំនើប ដោយប្រើបច្ចេកវិទ្យា LED ដែលអាចឡើងចុះបាន។

ពាណិជ្ជកម្ម

នៅផ្នែកខាងក្រោយ Mazda CX-5 ស៊េរីឆ្នាំ ២០២២ មានការរចនាចង្កៀងខាងក្រោយថ្មី កាងខាងក្រោយក៏ត្រូវបានកែច្នៃឡើងវិញកាន់តែប្រណិត។ ក្នុងនោះប្រភេទ Elite Edition មាន​ថាសកង់​២ពណ៌ ខណៈពេលដែល Kuro Edition មានថាសកង់ពណ៌ខ្មៅរលោង។

ចំពោះនៅផ្នែកខាងក្នុងនៃរថយន្ត ក៏មានការអាប់ដេតខ្លះដែរ ដោយប្រើពណ៌ខ្មៅជាមួយថ្នេរដេពណ៌ក្រហមនៅលើកៅអី និងបន្ទះទ្វារ និងមានបំពាក់ជាមួយអេក្រង់កំសាន្ត touchscreen ទំហំ ៨ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto និងបានបន្ថែមឧបករណ៍បំពងសំឡេងដ៏ប្រណិត ១០ចំនុច ម៉ាក Bose។

គ្រឿងបរិក្ខារផ្សេងទៀតដែលមាននៅលើ Mazda CX-5 ស៊េរីឆ្នាំ ២០២២ មុខមាត់ថ្មីនេះ អាចត្រូវបានលើកឡើងដូចជា អេក្រង់ព័ត៌មានបាញ់លើកញ្ចក់ប្រភេទ HUD, សេនស័រខាងក្រោយ, កាំមេរ៉ា ៣៦០ ដឺក្រេ, ប្រព័ន្ធ smart city brake system, កន្លែងសាកថ្មឥតខ្សែ, កៅអីខាងមុខមានមុខងារចងចាំ។

ទាក់ទងនឹងបច្ចេកវិទ្យាសុវត្ថិភាព Mazda CX-5 សេ៊រីឆ្នាំ ២០២២ ត្រូវបានបំពាក់ដោយប្រព័ន្ធសុវត្ថិភាព i-Activsense active safety system រួមទាំង adaptive cruise control, departure warning និងប្រព័ន្ធ lane keeping assist។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ នៅប្រទេសឥណ្ឌូនេស៊ីរថយន្តនេះនៅតែប្រើប្រាស់ម៉ាស៊ីន SkyActiv-G ចំណុះ ២,៥​ លីត្រ  DOHC ទំហំ ៤ស៊ីឡាំង ផលិតកម្លាំងបាន ១៨៨ សេះ និងកម្លាំងរមួល ២៥១ ញ៉ូតុនម៉ែត្រ ភ្ជាប់មកជាមួយប្រអប់លេខអូតូ ៦វគ្គ៕

Sponsored