Mercedes ចេញ Maybach Edition 100 ថ្មី ផលិតត្រឹម ១០០គ្រឿងគត់

ក្រុមហ៊ុន Mercedes-Maybach បានប្រកាសចេញរថយន្តម៉ូដែលពិសេសថ្មី ហោថា Edition 100 ដែលផលិតឡើងដោយផ្អែកលើម៉ូដែល S-Class ដើម្បីអបអរសាទរខួបលើកទី ១០០ឆ្នាំ។

រថយន្ត Mercedes-Maybach Edition 100 នឹងត្រូវផលិតមានចំនួនកំណត់ ត្រឹមតែ ១០០គ្រឿងប៉ុណ្ណោះ សម្រាប់ទីផ្សារទូទាំងពិភពលោក ហើយវានឹងចេញលក់នៅដើមពាក់កណ្តាលឆ្នាំ ២០២២ ខាងមុខនេះតែម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Maybach Edition 100 ប្រើម៉ាស៊ីនទំហំ ១២ស៊ីឡាំង មានកម្លាំង ៦២១សេះ ហើយមានបំពាក់លក្ខណៈពិសេសមួយចំនួនទៀតលើសពីម៉ូដែលធម្មតា ដូចជា ប្រព័ន្ធសំឡេង Burmester 4D surround sound system ក៏ដូចជាកៅអីមានមុខងារកម្តៅ និងម៉ាស្សាទៀត។ រថយន្តនេះមានប្រវែងតួខ្លួនវែងជាងម៉ូដែល S-Class Long-wheelbase ដល់ទៅ ៧អ៊ីញឯណោះ ធ្វើឲ្យវាមានតួខ្លួនសរុប ២១៥អ៊ីញ ហើយបំពាក់ប្រព័ន្ធបើកបរប៉ុងពីរ។

រថយន្តម៉ូដែលពិសេសនេះមានតួខ្លួន ២ពណ៌ គឺ Cirrus Silver និង Nautical Blue ហើយមានកាប៊ីនខាងក្នុងពណ៌ Crystal White និង Silver Grey Pearlខណៈវាក៏មានបំពាក់ឡូហ្គូ “Edition 100” ជាច្រើនកន្លែងក្នុងកាប៊ីនផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ Mercedes-Maybach មិនបានបង្ហាញពីតម្លៃរបស់វានៅឡើយទេ ប៉ុន្តែរថយន្ត Maybach S580 ត្រូវបានដាក់លក់ក្នុងតម្លៃចា់បពី ១៨៤ ៩០០ដុល្លារឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម