[ទីផ្សារបរទេស] រថយន្ត Nissan Kicks ត្រៀមបង្ហាញវត្តមាននៅទីផ្សារប្រទេសវៀតណាមជាមួយប្រភេទប្រើប្រព័ន្ធម៉ាស៊ីន e-Power ដែលមានសមត្ថភាពសន្សំសំចៃប្រេងឥន្ធនៈខ្លាំង និងជាគូប្រជែងដ៏ខ្លាំងក្លារបស់ Toyota Corolla Cross ឬ Honda HR-V ជាដើម។
ផ្អែកតាមព័ត៌មានពីក្រសួងចុះបញ្ជីវៀតណាម បានឲ្យដឹងថារថយន្ត Nissan Kicks ស៊េរីឆ្នាំ២០២២ ដែលលក់នៅវៀតណាម នឹងមានចែកចេញជាពីរប្រភេទរួមមានប្រភេទ E និង V ហើយរថយន្តនេះដែរនឹងនាំចូលពីប្រទេសថៃផ្ទាល់។
ចំណុចទាក់ទាញខ្លាំងរបស់ Nissan Kicks ប្រភេទ e-Power នេះគឺសមត្ថភាពសន្សំសំចៃប្រេងពេលបើកបរក្នុងក្រុង ដោយបើកបរចម្ងាយ ១០០គីឡូម៉ែត្រ វាចំណាយប្រេងត្រឹម ២,២លីត្រប៉ុណ្ណោះ។ ចំណែកគូប្រជែងដូចជា Toyota Corolla Cross ប្រភេទ Hybrid ស៊ីប្រេង ៣,៧លីត្រ និង Honda HR-V ស៊ីប្រេង ៨,៧លីត្រ។
យ៉ាងណាក្ដីសម្រាប់ការបើកក្រៅក្រុង លើផ្លូវលាត រថយន្តនេះកត់ត្រាការស៊ីប្រេងចំនួន ៦,១លីត្រ និងគិតជាមធ្យមគឺស៊ីប្រេងប្រមាណ ៤,៦លីត្រ សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ។
Nissan Kicks អាចទទួលបានសមត្ថភាពសន្សំសំចៃខ្ពស់បែបនេះ ក៏ដោយសារវាប្រើប្រាស់ម៉ាស៊ីន Hybrid ដែលមានផ្សំដោយម៉ាស៊ីនសាំង ១,២លីត្រ ៣ស៊ីឡាំង អាចផលិតកម្លាំងបាន ៧៩សេះ ជាមួយម៉ូទ័រអគ្គិសនីមួយដែលអាចផលិតកម្លាំងបាន ១២៩សេះ។
ចាប់តាំងពីខែមីនាមក រថយន្ត Nissan Kicks បានចាប់ផ្ដើមទទួលការកុម្ម៉ង់ ដោយតម្លៃប៉ាន់ស្មានរបស់វាគឺប្រមាណ ២៧ ៧០០ដុល្លារ ដោយមានជម្រើសពណ៌ចំនួន៧ផងដែរ៕