ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត ១០ ម៉ូដែល ផ្នែកខាងក្នុងមានផាសុកភាពខ្ពស់បំផុត

US News & World Report បាន​បញ្ចេញ​បញ្ជី​មួយ​បង្ហាញ​អំពី​រថយន្ត​ដែល​​ផ្នែក​ខាង​ក្នុង​អាច​ផ្ដល់​ផាសុកភាព​ដល់​អ្នក​ដំណើរ​បាន​ខ្ពស់​បំផុត ដែល​គេ​បាន​សិក្សា​លើ​ចំណុច​សំខាន់ៗ​ដូច​ជា​កៅអី​អង្គុយ, ភាព​ទូលាយ, ការ​​បញ្ជា និង​បច្ចេកវិទ្យា​ជា​ដើម។

គួរ​ដឹង​ថា​ US News & World Report គឺ​ជា​​ស្ថាប័ន​ព័ត៌មាន​មួយ​របស់​អាមេរិក បង្កើត​តាំង​ពី​ឆ្នាំ ១៩៤៨ ដែល​មាន​ឯកទេស​ខាង​ផលិត​ព័ត៌មាន, ​ផ្ដល់​ការ​ប្រឹក្សា, វិភាគ និង​ចាត់​ចំណាត់​ថ្នាក់​សកលវិទ្យាល័យ, មន្ទីរ​ពេទ្យ និង​រថយន្ត​ផង​ដែរ។ បញ្ជី​ដែល​បង្ហាញ​ខាង​ក្រោម​នេះ​គឺ​​មាន​កម្រិត​ពិន្ទុ​ពេញ​ចំនួន ១០ ដោយ​មាន​ភ្ជាប់​ជា​មួយ​តម្លៃ​លក់​រថយន្ត​នៅ​អាមេរិក ៖

១០. Genesis G80 ៖ បាន​ពិន្ទុ ៨,៦ តម្លៃ​ចាប់​ពី​ ៤២ ១០០ ដុល្លារ

៩. Kia K900 ៖ បាន​ពិន្ទុ ៨,៧ តម្លៃ​ចាប់​ពី ៥៩ ៩០០ ដុល្លារ​

៨. Genesis G90 ៖ បាន​ពិន្ទុ ៨,៧ តម្លៃ​ចាប់​ពី ៦៩ ៣៥០ ដុល្លារ​

៧. BMW 5 Series ៖ ពិន្ទុ ៨,៧ តម្លៃ​ចាប់​ពី ៥៣ ៤០០ ដុល្លារ​

៦. Audi A8 ៖ ពិន្ទុ ៨,៨ តម្លៃ​ចាប់​ពី ៨៣ ៨០០ ដុល្លារ​

៥. BMW 7 Series ៖ ពិន្ទុ ៨,៨ តម្លៃ​ចាប់​ពី ៨៣ ៦៥០ ដុល្លារ​

៤. Audi A5 ៖ ពិន្ទុ ៨,៩ តម្លៃ​ចាប់​ពី ៤៤ ២០០ ដុល្លារ​

៣. Audi A4 ៖ ពិន្ទុ ៨,៩ តម្លៃ​ចាប់​ពី ៣៧ ៤០០ ដុល្លារ

២. Mercedes-Benz E-Class ៖ ពិន្ទុ ៨,៩ តម្លៃ​ចាប់​ពី ៥៣ ៥០០ ដុល្លារ

១. Mercedes-Benz S-Class ៖ ពិន្ទុ ៩,២ តម្លៃ​ចាប់​ពី ៩១ ៣០០ ដុល្លារ​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ព្រោះ​ម៉ូដែល​ Urus ជួយ​ឲ្យ​តម្លៃ​ Lamborghini ឡើងដល់ ១១ ពាន់លានដុល្លារ

ចាប់​តាំង​ពី​បាន​សម្រេច​ចិត្ត​ផលិត​រថយន្ត SUV កម្លាំង​ខ្លាំង និង​ប្រណីតភាព​ខ្ពស់​ លក់​លើ​ទីផ្សារ​មក Lamborghini បាន​កើន​ឡើង​តម្លៃ​យ៉ាង​គំហុក។ ក្រុមហ៊ុន​រថយន្ត​អ៊ីតាលី​នេះ ត្រូវ​បាន​គេ​រាយការណ៍​ថា​មាន​តម្លៃ​​ខ្ទង់ ១១ ពាន់​លាន​ដុល្លារ ដែល​ជា​ឲ្យ​វា​ក្លាយ​ជា​បេក្ខភាព IPO (ការ​លក់​ហ៊ុន​ជា​សាធារណៈ) ​ដ៏​សំខាន់​មួយ​របស់​សម្ព័ន្ធ Volkswagen។

​ផ្អែក​តាម​ Bloomberg Intelligence បាន​ឲ្យ​ដឹង​ថា​ រថយន្ត​ម៉ូដែល​ថ្មី​ដែល​ត្រៀម​នឹង​ប្រកាស​ចេញ​ដូច​ជា​រថយន្ត​មហា​កម្លាំង​ប្រើ​ម៉ាស៊ីន Hybrid ដែល​គ្រោង​ចេញ​ឆ្នាំ​ក្រោយ នឹង​ជួយ​បង្កើន​តម្លៃ​ក្រុមហ៊ុន​រឹត​តែ​ខ្ពស់​បន្ថែម​ទៀត។ ពេល​នេះ Lamborghini គឺ​មាន​តម្លៃ​ប្រហាក់​ប្រហែល​នឹង Ferrari ដែរ។ នេះ​បើ​តាម​ការ​ផ្សាយ​របស់ Autonews Europe។

និយាយ​អំពី​ការ​លក់​វិញ ការ​លក់​របស់ Lamborghini កើន​ឡើង​ ៥១% កាល​ពី​ឆ្នាំ ២០១៨ ដែល​លក់​រថយន្ត​បាន​រហូត​ដល់ ៥ ៧៥០ គ្រឿង ដែល​មាន​ជាង ១ ៧០០ គ្រឿង​ជា​ម៉ូដែល Urus។ ខណៈ​ពេល​នេះ​ សហរដ្ឋអាមេរិក​ជា​ទីផ្សារ​ធំ​ជាង​គេ​របស់​ក្រុមហ៊ុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Ford EcoSport ២០២០ បានមកដល់កម្ពុជាជាផ្លូវការហើយ

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាតំណាងនាំចូល និងចែកចាយផ្តាច់មុខរថយន្ត Ford នៅកម្ពុជា បានប្រារព្វពិធីសម្ពោធជាផ្លូវការនៃរថយន្ត Ford EcoSport ស៊េរីថ្មី២០២០ ដែលមានទីតាំងនៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ (ទល់មុខផ្សារទំនើបអីអនម៉លសែនសុខស៊ីធី-អុីអន ២) កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩។ រថយន្ត Ford EcoSport ២០២០ ផ្តល់ជូនបទពិសោធន៍បើកបរថ្មីដែលប្រកបដោយភាពរលូន និងផាសុកភាពបំផុតនៅលើផ្លូវ នេះដោយសារតែការច្នៃប្រឌិតថ្មីរបស់វិស្វករក្រុមហ៊ុន Ford ដែលអាចកាត់បន្ថយសំលេងរំខានពីខាងក្រៅ ភាពរំញ័រ និងការរលាក់នៅពេលបើកបរ។

កាន់តែពិសេស Ford EcoSport ២០២០ ក៏មានការកែសម្រួលផ្នែកសំខាន់ៗមួយចំនួនទៀត និងបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបៗចុងក្រោយជាច្រើនសម្រាប់ជួយសម្រួលដល់ការបើកបររបស់លោកអ្នក។ ក្នុងនោះដែរ បច្ចេកវិទ្យាសំខាន់ៗដែលត្រូវបានបំពាក់នៅលើរថយន្ត Ford EcoSport ២០២០ នោះរួមមានដូចជា៖ បច្ចេកវិទ្យា ​SYNC 3 និងអេក្រង់ Touch Screen ៨ អុីញ កាមេរ៉ាជំនួយចូលចត និងអាច Zoom បាន ផ្នែកខាងក្រៅ និងខាងក្នុងរចនាថ្មីសន្លាងយ៉ាងស្រស់ស្អាត ចង្កៀងមុខភ្លឺច្បាស់ល្អ ជាមួយនឹងភ្លើង LED បំភ្លឺពេលថ្ងៃ និងហ្វាកូដ អូតូ សេនសឺ ៨គ្រាប់ ខាងមុខ និងក្រោយជំនួយចូលចត ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត ប្រព័ន្ធហ្វ្រាំង ABS និងប្រព័ន្ធទប់លំនឹងពេលបើកបរផ្លូវកោង និងរអិល។ បញ្ឆេះរថយន្តដោយពុំចាំបាច់ប្រើសោរ ចង្កូតបូមអេឡិចត្រូនិច ធូរងាយស្រួលបើកបរ ប្រអប់ត្រជាក់ និងកន្លែងដាក់ឥវ៉ាន់ ២៥កន្លែង និងមានពោងសុវត្ថិភាពចំនួន ៦។

ក្រុមវិស្វកររថយន្ត Ford ក៏បានធ្វើការកែលម្អទៅលើការកាត់បន្ថយសំលេងរំខាន ដូចជាសំលេងពេលបើកបរលើផ្លូវ សំលេងខ្យល់ និងសំលេងម៉ាស៊ីនជាដើម ដែលជាកត្តាធ្វើឲ្យមានសំលេងរំខានក្នុងរថយន្ត ដូចនេះពេលអ្នកបើកបរក្នុងល្បឿនលឿនរហូតដល់ ១១០គ.ម/ម៉ោង ក៏មិនមានសំលេងរំខានខ្លាំងដែរ។

លោក Sherry Jiang វិស្វករផ្នែករថយន្តនៃក្រុមហ៊ុន ​Ford ប្រចាំតំបន់អាស៊ីប៉ស៊ីហ្វិច បានមានប្រសាសន៍ថា៖ ” ការកាត់បន្ថយសំលេងរំខានពីខាងក្រៅ ភាពរំញ័រ និងការរលាក់របស់រថយន្តគឺជាគន្លឹះដែលធ្វើឲ្យអតិថិជនរីករាយនឹងបទពិសោធន៍បើកបររបស់ពួកគេ ដូច្នេះយើងបានយកចិត្តទុកដាក់បំផុតក្នុងការផលិតរថយន្តនេះឡើង។

សម្រាប់ការបើកបរលើផ្លូវរលាក់ក៏មិនបង្កឲ្យមានសំលេងរំខានចូលទៅក្នុងរថយន្តដែរ ព្រោះតួររថយន្តបានរចនាថ្មី កាត់បន្ថយសំលេងចូលទៅក្នុងរថយន្ត ប្រព័ន្ធជើងក្រោមកែច្នៃថ្មី កាត់បន្ថយភាពរលាក់ រួចជាមួយនឹងសំបកកង់ថ្មីមិនបង្កើតឲ្យមានសំលេងរំខាន។ រថយន្តនេះក៏មានបំពាក់របាំងការពារខ្យល់ កាត់បន្ថយសំលេងខ្យល់ផ្នែកខាងក្រោមរថយន្ត កញ្ចក់ខាងមុខនៃរថយន្តកែតម្រូវថ្មីកាត់បន្ថយសំលេងរំខាន និងផ្នែកខាងក្នុងរថយន្តបំពាក់ជាមួយសម្ភារៈស្រូបជាតិសំណើមបានល្អ និងកាត់បន្ថយកំដៅក្នុងរថយន្ត។

ក្រុមហ៊ុន Ford ក៏បានកែច្នៃតួររថយន្តផ្នែកខាងក្រៅឲ្យកាន់តែមានលក្ខណៈ Aerodynamics (មុជខ្យល់) ដែលធ្វើឲ្យការបើកបរល្បឿនលឿនកាន់តែមានភាពងាយស្រួល។ Ford EcoSport បានបំពាក់ជាមួយនឹងប្រភេទម៉ាស៊ីន Ecoboost ទំហំ ១,០ លីត្រ ថ្វីត្បិតម៉ាស៊ីនតូចពិតមែន ប៉ុន្តែវាមានកម្លាំងខ្លាំងជាងរថយន្តដទៃដែលមានទំហំម៉ាស៊ីនប៉ុនគ្នា និងកាត់បន្ថយការប៉ះពាល់ដល់បរិស្ថានទៀតផង។

លោក ងន សាំង អគ្គនាយកក្រុមហ៊ុន អ អិម អេខេមបូឌា បានមានប្រសាន៍ថា៖ ” ក្រុមហ៊ុន អ អិម អេ ខេមបូឌា សម្រេចចិត្តនាំចូលនូវប្រភេទរថយន្ត SUV ខ្នាតតូចមួយនេះមកកាន់ទីផ្សារកម្ពុជា គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ក៏ដូចជាដើម្បីលើកទឹកចិត្តប្រជាជនកម្ពុជាឲ្យប្រើប្រាស់រថយន្តថ្មីផងដែរ។​ យើងឃើញថាអ្នកប្រើប្រាស់រថយន្តមួយចំនួនជ្រើសរើសជិះរថយន្តមួយទឹកដោយសារពួកគេយល់ថារថយន្តមួយទឹកមានតម្លៃធូរថ្លៃជាងរថយន្តថ្មី។ ក៏ប៉ុន្តែមុននឹងយើងសម្រេចចិត្តទិញរថយន្តមួយទឹកយកទៅប្រើប្រាស់ យើងត្រូវជួបផលវិបាកដោយសារត្រូវពិនិត្យមើលឲ្យបានម៉ត់ចង់សឹងគ្រប់ចំណុច ព្រោះរថយន្តមួយទឹកមិនមែនជារថយន្តថ្មី វាអាចមានការខូចខាតនៅកន្លែងណាមួយដែលយើងមើលមិនឃើញ ហើយក៏គ្មានការធានាច្បាស់លាស់ពីក្រុមហ៊ុនដែរ។ ប៉ុន្តែឥឡូវនេះ ក្រុមហ៊ុន អ អិម អេ បាននាំចូលនូវរថយន្ត Ford EcoSport មកកាន់កម្ពុជាហើយ ដូចនេះសម្រាប់អ្នកមានលុយត្រឹមតែ ២ម៉ឺនជាងក៏អាចជិះរថយន្តថ្មីបានដែរ។ ”

រថយន្ត Ford EcoSport ម៉ូដែលថ្មីនេះផ្តល់ជូនអតិថិជននូវភាពទាន់សម័យ ភាពងាយស្រួល រួមទាំងសមត្ថភាព និងមុខងារកាន់តែច្រើន រួមបញ្ចូលគ្នានៅក្នុងរថយន្ត SUV តែមួយ។ Ford EcoSport ក៏មានផ្តល់ជម្រើសនៃពណ៌ជាច្រើនឲ្យជ្រើសរើសរួមមានដូចជា ពណ៌ស ក្រហម ខៀវ ទឹកក្រូច ប្រផេះ និងខ្មៅផងដែរ។

រូបភាពនៃការសម្ពោធ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Corolla កម្លាំង ១០០០ សេះ លក់តម្លៃជិត៥ម៉ឺនដុល្លារ

រថយន្ត Toyota Corolla iM ស៊េរី​ឆ្នាំ ២០១៧ ប្រភេទ Formula Drift Car មួយ​គ្រឿង ដែល​បាន​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ 2017 Formula Drift Pro Championship ឥឡូវ​នេះ​ត្រូវ​បាន​គេ​ដាក់​លក់​ក្នុង​តម្លៃ​ពិសេស​មួយ។

រថយន្ត​នេះ​ត្រូវ​បាន​រចនា និង​ផលិត​ឡើង​ដោយ​ក្រុម Papadakis Racing រួមទាំង​អ្នក​បើកបរ ឈ្មោះ Fredric Aasbo ផង​ដែរ។ រថយន្ត​ប្រភេទ Formula Drift Car ខាង​លើប្រើ​ម៉ាស៊ីន​សាំង​ចំណុះ ២,៧ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង ជាមួយ​នឹង​បំពង់​ហ្គាស់​ថាមពល ដែល​ជួយ​ឲ្យ​វា​បង្កើត​កម្លាំង​បាន​រហូត​ដល់​ទៅ ១ ០០០ សេះ។

ដោយសារតែ​វា​ជា​រថយន្ត​ប្រណាំង ដូច្នេះ​គេ​បាន​ប្រើ​ប្រអប់លេខ​ដៃ ៤ វគ្គ និង ប្រព័ន្ធ​បើកបរ​ប៉ុង​មួយ វិល​កង់​ក្រោយ RWD។ មិន​តែ​ប៉ុណ្ណោះ ដើម្បី​ផលិត​រថយន្ត និង​ធានា​ថា​វា​ត្រូវ​តាម​ស្តង់ដារ Formula Drift ក្រុម Papadakis Racing បាន​ដោះ​គ្រឿង​បរិក្ខា​មិន​ចាំបាច់​ក្នុង​រថយន្ត​ចេញ​ទាំង​អស់ នៅ​សល់​តែ​គ្រោងឆ្អឹង ដើម្បី​កាត់​បន្ថយ​ទម្ងន់​របស់​វា។

រថយន្ត Toyota Corolla iM សម្រាប់​បើក Drift ប្រណាំង​គ្នា​នេះ ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ ៤៦ ១០០ ដុល្លារ​តែ​ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្អាតណាស់! ឡានអគ្គិសនី Polestar 2 គូប្រជែង Tesla បង្ហាញខ្លួនជាផ្លូវការ

Polestar ដែល​ជា​ក្រុមហ៊ុន​មែកធាង​របស់ Volvo បាន​បង្ហាញ​រថយន្ត​អគ្គិសនី​ម៉ូដែល​ថ្មី​របស់​ខ្លួន គឺ Polestar 2 ជា​ផ្លូវការ។ រថយន្ត​​របស់​ស៊ុយអែត​ដំណើរការដោយ​ថាមពល​អគ្គិសនី​នេះ គឺ​ជា​គូ​ប្រជែង​ដ៏​ធំ​មួយ​របស់រថយន្ត​អគ្គិសនី​អាមេរិក Tesla Model 3។

​ក្រុមហ៊ុន Polestar បាន​និយាយ​ថា Polestar 2 មានចំងាយបើកបរ ៥០០ គីឡូម៉ែត្រ​រាល់​ពេល​សាក​ភ្លើង​ពេញ​ម្តង ដែល​ស្រដៀង​ទៅ​នឹង Tesla Model 3 ដែរ។

Polestar 2 ប្រើ​ម៉ូទ័រ​អគ្គិសនី​ ២ និង​អាគុយ​មួយ​ដែល​មាន​កម្លាំង ៧៨ គីឡូវ៉ាត់​ម៉ោង ហើយ​ត្រូវ​រៀបចំ​ផ្ទុក​នៅ​ក្រោម​គ្រោងឆ្អឹង CMA (Compact Modular Architecture) របស់​វា។ គ្រោង​ឆ្អឹង CMA នេះ មិន​ត្រឹម​តែ​ជួយ​ឲ្យ​ការ​ផ្ទុក​ងាយ​ស្រួល​ប៉ុណ្ណោះ​ទេ ថែម​ទាំង​កាត់​បន្ថយ​សំឡេង​រំខាន, រំញ័រ និង សំឡេង​ផ្សេងៗ​ផង​ដែរ។

Polestar បាន​អះអាង​ថា ប្រព័ន្ធ​បើកបរ​ប៉ុង​ពីរ AWD ដែល​ប្រើ​លើ Polestar 2 ជាមួយ​នឹង​កម្លាំង ៤០០ សេះ អាច​ជួយ​ឲ្យ​វា​មាន​សមត្ថភាព​ស្ទុះ​ពី​កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល​ត្រឹមតែ ៥ វិនាទី​ប៉ុណ្ណោះ។

រថយន្ត Polestar 2 មាន​តម្លៃ​ចាប់​ពី ៦៣ ០០០ ដុល្លារ​នៅ​សហរដ្ឋអាមេរិក សម្រាប់​ម៉ូដែល Launch Edition។ ចំណែក​ឯ Tesla Model 3 Performance មាន​តម្លៃ​ថោក​ជាង​បន្តិច គឺ ៦០ ៩០០ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តចិនបំបែកកំណត់ត្រាលើទីលានប្រណាំងរថយន្ត Nürburgring នៅអាល្លឺម៉ង់

រថយន្ត​ Lynk & Co 03 Cyan Concept របស់​ក្រុមហ៊ុន​រថយន្ត​ចិន Cyan Racing ដែល​ពី​មុន​មក​មាន​ឈ្មោះ​ថា​ Polestar បាន​បង្កើន​កំណត់​ត្រា​ថ្មី​មួយ​លើ​ទីលាន​ប្រណាំង​រថយន្ត Nürburgring ​ក្នុង​អាល្លឺម៉ង់។

រថយន្ត​នេះ​បាន​ក្លាយ​ជា​រថយន្ត​​វិល​កង់​មុខ​ (Front-Wheel Drive) ដែល​បើកបរ​​លើ​គន្លង​ចម្ងាយ​ជិត ២១ គីឡូម៉ែត្រ​​ដល់​គោល​ដៅ​លឿន​ជាង​គេ។ វា​អាច​​សម្រេច​ការ​បើកបរ​នៅ​​​ផ្នែក​ Nordshleife នៃ​ទីលាន​ ដោយ​ប្រើ​រយៈពេល​ ៧ នាទី ២០,១៤៣ វិនាទី។ ការ​បញ្ចប់​នេះ​គឺ​លឿន​ជាង​កំណត់​ត្រា​កាន់កាប់​ដោយ​រថយន្ត​ Jaguar ប្រមាណ ៣ វិនាទី ហើយ​លឿន​ជាង​រថយន្ត​ Renault ដែល​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​ ២ រយៈពេល ២៥ វិនាទី។

​​​Lynk & Co 03 Cyan Concept គឺ​បំពាក់​ដោយ​ម៉ាស៊ីន​កម្លាំង ៥២៨ សេះ ដោយ​លឿន​ដែល​វា​រត់​ជា​មធ្យម​នៅ​លើ​គន្លង​ខាង​លើ​គឺ ១៧០,៤ គ.ម/ម៉។ រថយន្ត​នេះ​បើកបរ​ដោយ​ Thed Bjork ជា​ម្ចាស់​ជើងឯក​ប្រណាំង​រថយន្ត​ពិភពលោក​ឆ្នាំ ២០១៧៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជួយដាក់ពិន្ទុ Rolls-Royce Cullinan ប្រែរូបរាងជាឡានភីកអាប់

​វិចិត្រករ​ជំនាញ​ខាង Render ​ឈ្មោះ Rain Prisk បាន​បង្ហាញ​ចេញ​នូវ​​ការ​ស្រមើស្រមៃ​របស់​ខ្លួន អំពី​រូបរាង​រថយន្ត​ Rolls-Royce Cullinan ដែល​ប្រែ​ពី​ប្រភេទ SUV មក​ជា​ប្រភេទ​ភីកអាប់។

រូបរាង​របស់​រថយន្ត​នេះ​គឺ​មាន​ប្រវែង​វែង​ជាង​ Cullinan ធម្មតា ដែល​វា​អាច​ផ្ដល់​នូវ​កន្លែង​ទូលាយ​បាន​ច្រើន​រវាង​ទ្វារ​ជួរ​ខាង​ក្រោយ ជា​មួយ​កង់​ក្រោយ​របស់​រថយន្ត ហើយ​កង់​រថយន្ត​ក៏​បាន​ផ្លាស់​ប្ដូរ​រូបរាង​​ផង​ដែរ។ គួរ​ដឹង​ថា​ក្រៅ​ពី Rain Prisk មាន​វិចិត្រករ​ជា​ច្រើន​បាន​កែច្នៃ​រូបរាង​រថយន្ត Cullinan ទៅ​ជា​ភីកអាប់ ដូច​បង្ហាញ​ខាង​ក្រោម​នេះ ៖​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឃាត់ទុករថយន្តរាប់រយគ្រឿង ដោយសារតែមិនប្រក្រតី

“គំនិតផ្តួចផ្តើមរបស់ឯ.ឧ.ទេស.ស៊ុន ចាន់ថុល តភ្ជាប់ប្រព័ន្ធបច្ចេកវិទ្យារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កំពុងផ្តល់លទ្ធផលជាផ្លែផ្កា”
សកម្មភាពក្រុមការងារអន្តរក្រសួងចុះត្រួតពិនិត្យរថយន្តមានភាពមិនប្រក្រតី ត្រូវបានឃាត់ទុកមួយចំនួនក្នុងចំណោមជាងរាប់រយគ្រឿង


ថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ក្រុមការងារអន្តរក្រសួង បានចុះពិនិត្យជាក់ស្តែងចំពោះរថយន្តមានភាពមិនប្រក្រតី ដែលមន្ដ្រីគយ និងរដ្ឋាករមានសមត្ថកិច្ចបានឃាត់ទុកនៅឃ្លាំងគយបណ្តោយមហាវិថីឈ្នះឈ្នះ។

រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

បេសកកម្មនេះត្រូវបានដឹកនាំដោយលោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាសហប្រធានក្រុមការងារអន្តរក្រសួង តភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មដឹកជញ្ជូនផ្លូវគោក និងប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ និងលោក ប៉ោ សួន អនុប្រធាននាយកដ្ឋានកិច្ចការច្បាប់ សវនកម្ម និងទំនាក់ទំនាក់ទំនងសាធារណៈ និងជាអនុប្រធានក្រុមការងារ ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធមកពីអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ។

រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

ការចុះពិនិត្យរថយន្តជាក់ស្តែងនាពេលនោះ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីវាយតម្លៃលើភាពមិនប្រក្រតីនៃរថយន្តគ្មានបង្កាន់ដៃពន្ធនាំចូល មិនមានផ្លាកលេខ ពាក់ផ្លាកលេខក្លែងក្លាយ ពាក់ផ្លាកលេខបានពីផលចោរកម្ម រថយន្តកាត់ត និងមានបញ្ហាលេខតួ លេខម៉ាស៊ីន ម៉ូដែល និងឆ្នាំផលិត និងទ្រង់ទ្រាយផ្សេងជាដើម…។ល។

ជាមួយនឹងគំនិតផ្តួចផ្តើមដែលដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រោមការជ្រោមជ្រែងពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបង្កើតក្រុមការងារអន្តរក្រសួងមួយ ហើយកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ បានសម្រេចដាក់ឱ្យដំណើរការយន្តការប្រព័ន្ធបច្ចេកវិទ្យា ដើម្បីចែករំលែកទិន្នន័យចុះបញ្ជីយាយយន្ត និងទិន្នន័យពន្ធនាំចូលយានយន្តទៅវិញទៅមក និងតាមដានភាពមិនប្រក្រតីពាក់ព័ន្ធ។

រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

ជាមួយនឹងកិច្ចសហការដ៏ល្អរវាងស្ថាប័នទាំងពីរបានផ្តល់នូវលទ្ធផលជាវិជ្ជមានជាច្រើន ដូចជាកាចុះបញ្ជីយានយន្តមានរយៈពេលខ្លីរហ័ស ធានាមិនមានការក្លែងបន្លំឯកសារសាធារណៈ ដែលអាចគេចផុតពីភ្នែកសមត្ថកិច្ច ទប់ស្កាត់ និងចាប់រថយន្តមិនបង់ពន្ធនាំចូល បង្កើនប្រសិទ្ធភាពការអនុវត្តការប្រមូលពន្ធនាំចូលយានយន្ត និងបង្កើនចំណូលថវិកាជាតិ ។

រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

សូមជម្រាបជូនថា រថយន្តដែលត្រូវបានឃាត់ទុករាប់រយគ្រឿង ព្រោះមានទិន្នន័យកំណត់គោលដៅច្បាស់លាស់ពីប្រព័ន្ធបច្ចេកវិទ្យាក្រសួងសាធារណការ និងដឹកជញ្ជូន និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងនេះក៏បានចូលរួមធ្វើឱ្យចំណូលពន្ធនាំចូលយានយន្តមានការកើនឡើងប្រមាណ៣៤% ក្នុងឆ្នាំ២០១៨ ធៀបនឹងឆ្នាំ២០១៧ ៕

រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនកប់ទៀតហី! Mercedes-AMG S65 Final Edition លេងយ៉ាន់ទង់ដែង ស្អាតកប់!

នាពេលថ្មីៗនេះ Mercedes-AMG បាន​បញ្ចេញកំពូលរថយន្ត Sedan របស់ខ្លួនម៉ូដែល S65 Final Edition ដែលមានការរចនាយ៉ាងទាក់ទាញកប់តែម្តង។

Mercedes-AMG S65 Final Edition នេះ​មាន​តួ​ខ្លួន​ពណ៌​ខ្មៅ​រលោង (Obsidian Black), ប៉ាណា​ពណ៌​ទឹក​ប្រាក់, យ៉ាន់​អាលុយមីញ៉ូម​ទំហំ ២០ អ៊ីញ ពណ៌​ទង់ដែង​គ្រើម ហើយ​កាង​មុខ-ក្រោយ និង​ចំហៀង​ក៏​មាន​ពណ៌​ទង់ដែង​គ្រើម​ដែរ។

យើង​អាច​សម្គាល់​ម៉ូដែល Final Edition នេះ​បាន​លើ​ចំណុច​ពិសេស​ចំនួន ៣ គឺ គម្រប​បំពង់​ស៊ីម៉ាំង​ពណ៌​ខ្មៅ​រលោង, ឡូហ្គូ​លើ​សសរ​ទី៣ (C-pillar) និង ពាក្យ “One Man – One Engine” នៅ​លើ​ម៉ាស៊ីន​របស់​វា។

ចំណែក​ឯ​ផ្នែក​ខាង​ក្នុង​វិញ ក៏​មិន​ខុស​ពី​ម៉ូដែល S-Class ដទៃ​ទៀត​ប៉ុន្មាន​ឡើយ ប៉ុន្តែ​យើង​អាច​សម្គាល់​ឃើញ​ពាក្យ “S65 Final Edition” លើ​ដៃ​ចង្កូត​តែម្តង។

S65 Final Edition ប្រើម៉ាស៊ីន​ចំណុះ ៦,០ លីត្រ Twin-turbo ទំហំ ១២ ស៊ីឡាំង មាន​កម្លាំង​ ៦២១ សេះ អាចឲ្យ​វា​ស្ទុះ​ពី​កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល​ត្រឹមតែ ៤,១ វិនាទី​ប៉ុណ្ណោះ ហើយ​មាន​ល្បឿន​អតិបរមា ៣០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

ក្រុមហ៊ុន Mercedes-AMG នឹង​ផលិត​កំពូល​រថយន្ត Sedan ខាង​លើ ត្រឹម​តែ ១៣០ គ្រឿង​ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រព័ន្ធ Infotainment លើ Mercedes CLA អាចលេងហ្គេមប្រណាំងឡានបានទៀត! (វីដេអូ)

ប្រព័ន្ធ​ Infotainment MBUX ថ្មី របស់​ក្រុមហ៊ុន Mercedes-Benz ត្រូវ​បាន​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​យ៉ាង​ខ្លាំង ព្រមទាំង​ជួយ​លើក​កម្ពស់​ផ្នែក​ខាង​ក្នុង​រថយន្ត ឲ្យ​មាន​អារម្មណ៍​កាន់តែ​ទំនើប​ទៀត​ផង។

នៅ​ព្រឹត្តិការណ៍ Mobile World Congress ឆ្នាំ ២០១៩ ក្នុង​ទីក្រុង Barcelona ប្រទេស​អេស្ប៉ាញ ក្រុមហ៊ុន Mercedes-Benz បាន​ដាក់​តាំង​បង្ហាញ​ម៉ូដែល CLA ថ្មី​របស់​ខ្លួន ដោយ​ប្រព័ន្ធ​កម្សាន្ត MBUX របស់​វា អាច​លេង​ហ្គេម​ប្រណាំង​ឡាន​ដ៏​ល្បី SuperTuxTart (ស្រដៀង Mario Kart)។

ក្រុមហ៊ុន Mercedes-Benz មិន​ត្រឹមតែ​ដំឡើង​កម្មវិធី​ហ្គេម​លើ MBUX ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ធ្វើ​ឲ្យ​វា​ដំណើរការ​ជាមួយ​នឹង​ប៊ូតុង​បញ្ជា​របស់​រថយន្ត​ទៀត​ផង។ ហេតុ​ដូច្នេះ​ហើយ អ្នក​លេង​អាច​ប្រើប្រាស់​ចង្កូត និង​ឈ្នាន់​ហ្គែរ​របស់ CLA ដើម្បី​លេង​ហ្គេម​នោះ។ លើស​ពី​នេះ ចង្កឹះ​លេខ​ដៃ​លើ​ដៃ​ចង្កូត (Paddles Shift) អាច​ប្រើ​ដើម្បី​អនុវត្ត​មុខងារ​ហ្គេម​ជា​ច្រើន។

អ្វី​ដែល​ពិសេស​នោះ​គឺ ក្រុមហ៊ុន​រថយន្ត​អាល្លឺម៉ង់​ខាង​លើ បាន​រចនា​ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់ ឲ្យ​បាញ់​ខ្យល់​កាន់​តែ​ខ្លាំង​ក្នុង​កាប៊ីន​រថយន្ត នៅ​ពេល​ដែល​អ្នក​លេង​បន្ថែម​ល្បឿន។ លើស​ពី​នេះ​ទៅ​ទៀត ប្រព័ន្ធ​ភ្លើង Ambient Lighting ក្នុង​រថយន្ត​ក៏​ផ្លាស់ប្តូរ​ពណ៌​ទៅ​តាម​នោះ ខណៈ​ខ្សែ​ក្រវ៉ាត់​រថយន្ត​នឹង​រឹត​បន្តឹង​ដោយ​ស្វ័យប្រវត្តិ ពេល​អ្នក​លេង​បើក​បុក​អ្វី​មួយ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ការ​លេង​ហ្គេម​នៅ​ក្នុង​រថយន្ត​នៅ​ពេល​ដែល​អ្នក​កំពុង​បើកបរ ឬ​រង់ចាំ​ភ្លើង​ស្តុប មិនមែន​ជា​រឿង​ល្អ​ឡើយ ដូច្នេះ​វា​អាច​លេង​បាន​តែ​នៅ​ពេល​រថយន្ត​ចត​ប៉ុណ្ណោះ។ យ៉ាងណាមិញ នេះ​គ្រាន់តែ​ជា​អំនួត​មួយ​របស់​ក្រុមហ៊ុន Mercedes-Benz ចង់​បង្ហាញ​ពី​សមត្ថភាព​ប្រព័ន្ធ​កម្សាន្ត MBUX របស់​ខ្លួន​ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+