ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ferrari ចំណេញលុយច្រើនមិនធ្លាប់មាននៅត្រីមាសទីពីរនៃឆ្នាំ២០២២

[ទីផ្សារបរទេស] វិស័យ​យានយន្តលើពិភពលោកបានប្រឈមមុខនឹងបញ្ហា​ជាច្រើន ប៉ុន្តែ Ferrari ខុស​ពីក្រុមហ៊ុនដទៃទៀត ដោយ​​ទទួលបានលទ្ធផលល្អគួរឲ្យកត់សម្គាល់លើ​ការលក់ ប្រាក់ចំណូល និងលើការដឹកជញ្ជូនជាដើមនៅ​អំឡុងត្រីមាស​ទីពីរ​នៃ​ឆ្នាំ​២០២២នេះ។

រយៈពេលបីខែចុងក្រោយគិតត្រឹមខែមិថុនានេះ Ferrari អាចលក់ចេញរថយន្តបានរហូតដល់ ៣ ៤៥៥គ្រឿង ដែល​ជា​ការ​កើន​ឡើង ២៩% ធៀប​នឹង​ត្រីមាសទីពីរនៃ​ឆ្នាំ​២០២១ ដែល​ចំនួនលក់នេះត្រូវ​បាន​ជម្រុញ​ដោយរថយន្តម៉ូដែល Portofino M និង F8។

ជាមួយកំណើននៃការលក់នេះ បានធ្វើឲ្យប្រាក់ចំណេញរបស់ Ferrari នៅក្នុងត្រីមាសទីពីរនេះក្លាយជាប្រាក់ចំណេញ​​ខ្ពស់​ថ្មី​មួយ ដោយ​អាចចំណេញប្រាក់បានប្រមាណ ២៥៥លាន​ដុល្លារ ពីប្រាក់​ចំណូល​ដែល​មាន​ប្រមាណ ១,៣​ពាន់​លាន​ដុល្លារ។

លទ្ធផលដ៏ល្អប្រសើរនេះ បានឲ្យ Ferrari ដំឡើងប្រាក់ចំណូល​ប៉ាន់ស្មានប្រចាំឆ្នាំ២០២២នេះ ឡើងពី ៤,៨៩​ពាន់លានដុល្លារ ដល់ ៤,៩៩​ពាន់​លាន​ដុល្លារ និងប្រាក់ចំណេញអាចមានចន្លោះពី ១,១៧ពាន់លានដុល្លារ ដល់ ១,២ពាន់​លាន​ដុល្លារ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen Golf ប្រហែលជាមិនចេញជំនាន់ថ្មីឡើយ

[ទីផ្សារបរទេស] រថយន្ត Volkswagen Golf ដែល​ជារថយន្តខ្នាតតូចដ៏ពេញនិយមបំផុតមួយក្នុងលោក​ ប្រហែលជា​មិន​ចេញ​ជំនាន់​ថ្មី​នោះទេ ដោយ​សារការកើនឡើងតម្លៃលើការអភិវឌ្ឍរថយន្តម៉ាស៊ីនពីស្តុង និង​ការរឹតបន្ដឹង​លើ​ច្បាប់​ផ្សែង​ពុល​ផង​ដែរ។

តាមការចុះផ្សាយរបស់សារព័ត៌មានអាល្លឺម៉ង់ Welt កាលពីខែកន្លងទៅ បាន​សន្និដ្ឋានថារថយន្ត VW Golf ជំនាន់​ទី​ប្រាំ អាច​ជា​ជំនាន់​ចុង​ក្រោយ។ លោក Thomas Schäfer ជានាយកប្រតិបត្តិរបស់ VW បាន​លើក​ឡើងថា ៖ “យើង​នឹងត្រូវ​រង់ចាំ​មើល​ថា​ការ​អភិវឌ្ឍ​រថយន្តថ្មីដែលមិនមានអាយុ​ដល់ ៧ ឬ ៨ឆ្នាំ គឺ​ជា​រឿង​ត្រឹមត្រូវឬយ៉ាងណា។” ​លោក​បាន​បន្ថែមថាការ​អភិវឌ្ឍ​រថយន្ត​​ប្រភេទ​នេះ​គឺ​ចំណាយ​ប្រាក់ច្រើន។

នាយកប្រតិបត្តិខាងលើបានទទួលស្គាល់ថាបច្ចុប្បន្នក្រុមហ៊ុនកំពុងតែផលិតរថយន្ត Golf ប្រភេទ Facelift ប៉ុន្តែ​ជោគវាសនា​របស់​រថយន្តនេះ​អាចនឹងត្រូវសម្រេចនៅក្នុងពេល១២ខែបន្ទាប់ទៀត។

រថយន្ត VW Golf ជំនាន់បច្ចុប្បន្ននេះបានប្រកាសចេញដំបូងកាលពីឆ្នាំ២០១៩ ដែលមានន័យថាប្រភេទ Facelift ដែល​អាច​ចេញ​ក្នុងឆ្នាំ២០២៣ ឬឆ្នាំ២០២៤ នឹងបន្តអាយុកាល​​រហូតដល់​ឆ្នាំ២០២៨ ខាងមុខ។ រហូតដល់ពេលនោះ រថយន្តអគ្គិសនីទំនង​ជា​​ចំណាយ​អស់​តិចជាងមុនលើការផលិត ដោយសារអាគុយដែលមានតម្លៃធូរ ហើយអាចនឹងធ្វើឲ្យរថយន្តពីស្តុងត្រូវហួសសម័យ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Passpor TrailSport Rugged Roads Project 2.0 ប្រភេទ Off-Road ជាមួយរូបរាងកាន់តែទាក់ទាញ

[ទីផ្សារបរទេស] កាលពីប៉ុន្មានខែ កន្លងទៅនេះ ក្រុមុហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Honda Passport TrailSport SUV ខណៈពេលពេលនេះ Honda បានធ្វើការម៉ូឌែលថ្មីមួយទៀតបន្ថែម ដែលអោយឈ្មោះថា Honda Passpor TrailSport Rugged Roads Project 2.0 ផលិតឡើងផ្តោតលើការលេងខ្លួនបែប Off-Road ។

រថយន្ត Honda Passport TrailSport Rugged Roads Project 2.0​ បាន​ភ្ជាប់​មក​ជាមួយ​ឡូហ្គោ TrailSport នៅ​លើ​ប៉ាណា​ខាង​មុខ, ថាសកង់​ស្ព័រ​ថ្មីស្រោបដោយសំបកកង់ពណ៌ខ្មៅ បានបន្ថែមប្រវែងទទឹងកង់ខាងមុខ និងខាងក្រោយ ១០ ម.ម, ឡូហ្គោ HPD នៅទីតាំង D-pillar, ដំបូលដែក roof rack ធំ, ទំពក់សម្រាប់អូសសណ្តោងនៅខាងក្រោយ, កាងការពារយ៉ាងរឹងមាំ និងមានកង់សាគួរនៅផ្នែកខាងក្រោយផងដែរ។

រីឯនៅផ្នែកខាងក្នុងកាប៊ីនបំពាក់ដោយប៊ូតុងបញ្ឆេះម៉ាស៊ីន, អេក្រង់កំសាន្តទំហំ ៨ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាបច្ចេកវិទ្យាសុវត្ថិភាព Honda Sensing, ឡូហ្គោ TrailSport នៅលើកៅអីខាងមុខ និងកម្រាលជើងជាដើម។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនចំណុះ ៣,៥ លីត្រ V6 អាចផលិតកម្លាំងបាន ២៨០ ​សេះ និងកម្លាំងរមួល ៣៥៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៩ វគ្គ ប្រព័ន្ធបើកបរប៉ុង២ វិលកង់ទាំងអស់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Suzuki Swift នឹងបំពាក់ម៉ាស៊ីន Hybrid គ្រោងបង្ហាញខ្លួននៅឆ្នាំក្រោយ

[បរទេស] បច្ចុប្បន្ននេះ រថយន្ត Suzuki Swift បាន​ដាក់​បង្ហាញ​លើ​ទីផ្សារ​ពិភពលោក​តាំង​ពី​ឆ្នាំ ២០១៦ ដោយនៅមិនទាន់ទទួលបានការផ្លាស់ប្តូរថ្មីទាំងស្រុងនៅឡើយទេ។

ឥឡូវនេះ Suzuki Swift ជំនាន់ទី ៣ កំពុងស្ថិតក្នុងដំណើរការសាកល្បង សម្រាប់ការដាក់បង្ហាញចេញនៅឆ្នាំ ២០២៣ ហើយត្រូវបានគេរំពឹងថានឹងភ្ជាប់មកជាមួយម៉ូទ័រអគ្គិសនីកូនកាត់ hybrid ហើយជាការពិតណាស់ Swift នឹងទទួលបានការកែមុខមាត់ថ្មីទៅជារថយន្តដើរដោយថាមពលអគ្គិសនីនាពេលអនាគត។

រថយន្តនេះត្រូវបានរចនារូបរាងបែបស្ព័រជាងម៉ូដែលបច្ចុប្បន្ន ដោយការរចនាថ្មីទៅលើប៉ាណាមុខ កាងខាងមុខ ចង្កៀងមុខ ចង្កៀងខាងក្រោយ និងកាងក្រោយ។

រថយន្តនេះទំនងជានឹងប្រើប្រាស់ម៉ាស៊ីនកូនកាត់ hybrid ចំណុះ ១,៤ លីត្រ ក៏មានពាក្យចចាមអារ៉ាមថា សម្រាប់ប្រភេទ HEV កំពុងដំណើរការដែលអាចមកពីការសហការរវាង Suzuki និង Toyota Swift Sport៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Toyota Fortuner LEADER ស៊េរីឆ្នាំ ២០២២ បង្ហាញខ្លួនជាផ្លូវការ

[បរទេស] ក្រុមហ៊ុនផលិរថយន្ត Toyota បានធ្វើការដាក់បញ្ចេញជាផ្លូវការនៅរថយន្ត Toyota Fortuner LEADER ស៊េរីឆ្នាំ ២០២២ ដែលមាន ៣ ម៉ូដែលសម្រាប់ជ្រើសរើសរួមមាន Leader G, Leader V និងម៉ូដែល Leader V 4-wheel drive ជាមួយនឹងតម្លៃលក់ចាប់ពី ៣៧ ៩២៥ ដុល្លារ, ៤១ ២១៧ ដុល្លារ និង ៤៣ ១៥៣ ដុល្លារ ។

ផ្នែកខាងក្រៅនៃរថយន្ត Toyota Fortuner LEADER ថ្មីនេះ ភ្ជាប់មកជាមួយនៅប៉ាណាមុខ និងកាងខាងមុខត្រូវបានរចនាថ្មី និងឡូហ្គោ Leader ។ បន្ថែមភាពកាន់តែទំនើបជាមួយចង្កៀងប្រភេទ LED Bi-beam ឡើង-ចុះដោយស្វ័យប្រវត្តិជាមួយមុខងារ follow-me-home។ ខណៈ​ នៅផ្នែកខាងក្រោយបានបំពាក់ជាមួយចង្កៀង LED ឲ្យឈ្មោះថា Light Guiding taillights, ថាសកង់ស្ព័រថ្មីទំហំ ១៨ អ៊ីញ, កញ្ចក់ចំហៀងមានមុខងារក្តោមអូតូ និងអំពូល Welcome Light និងទ្វារក្រោយបើក-បិទដោយថាមពលអគ្គីសនី។

រីឯនៅផ្នែកខាងក្នុងកាប៊ីនមានបំពាក់ជាមួយអេក្រង់កំសាន្ត touchscreen ទំហំ ៨ អ៊ីញ ភ្ជាប់មុខងារ Apple Car Play និង Android Auto ប្រព័ន្ធភ្ជាប់ T-Connect, កញ្ចក់មើលក្រោយការពារចំណាំងផ្លាតដោយស្វ័យប្រវត្តិ។ បន្ថែមពីនេះ កៅអីខាងមុខប្រភេទស្ព័រស្រោបដោយស្បែកអាចការលៃតម្រូវតាមរយៈថាមពលអគ្គិសនី ៨ ទិសដៅ និងរន្ធសាក ២២០ វ៉ុល។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរកាដោយម៉ាស៊ីនចំណុះ ២,៤ លីត្រ ទំហំ ៤ ស៊ីឡាំង ផលិតកម្លាំងបាន ១៥០ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៦ វគ្គ និងអាចជ្រើសរើសប្រព័ន្ធបើកបរ ប៉ុង ១ និងប៉ុង ២​៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Maserati ដាក់ចេញការធានាថ្មី មានសុពលភាពដល់១០ឆ្នាំ សម្រាប់ម៉ាស៊ីន និងប្រអប់លេខ

[ទីផ្សារបរទេស] ក្រុមហ៊ុន Maserati បានប្រកាសចេញ​កម្មវិធីធានា​ថ្មី​សម្រាប់រថយន្តខ្លួន​ ដែលការ​ធានា​មាន​រយៈពេល​វែងរហូតដល់១០ឆ្នាំ ដោយ​ការធានាថ្មីនេះគឺដើម្បីលុបបំបាត់​ការយល់ឃើញថារថយន្តអ៉ីតាលី​មិន​មាន​ភាព​រឹងមាំ។

ការធានាដែលមានឈ្មោះថា Extra10 មានធានារយៈពេល១០ឆ្នាំ​លើ​គ្រឿង​បន្លាស់ រួមមាន​ម៉ាស៊ីន និងប្រអប់​លេខ ដោយ​ការ​ធានា​មាន​សុពលភាពរហូតដល់ពេលដែលរថយន្តមានអាយុ១០ឆ្នាំ។ ការ​ធានា​នេះ​មាន​ផ្ដល់​ជូន​បន្ថែម​លើ​ធានាដែលមាន​ស្រាប់​រយៈពេល ៤ ឬ ៥ឆ្នាំ។

ការធានាថ្មីនេះមានសម្រាប់រថយន្ត Maserati គ្រប់ម៉ូដែល ហើយ​នឹង​មាន​ផ្ដល់​ជូន​សម្រាប់ទីផ្សារ​សហរដ្ឋអាមេរិក, កាណាដា និង​អាមេរិកឡាទីន ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ នេះតទៅ។ ការធានានេះក៏មានមកជាមួយ​សេវាកម្មបន្ថែមមួយចំនួន​រួមមាន​សេវា​កម្ម​ទៅទទួលយក និងប្រគល់​ជូន​រថយន្តដល់​គេហដ្ឋាន​របស់​ម្ចាស់រថយន្តជាដើម។

ការធានានេះក៏រំពឹងថានឹងមាន​លើ​រថយន្តអគ្គិសនីថ្មីរបស់ Maserati ផងដែរ ត្បិតអីថារថយន្តនៅ​មិន​ទាន់​ប្រកាសចេញ​ជាផ្លូវ​ការក្ដី។ គួរដឹងរថយន្តអគ្គិសនីរបស់ Maserati ដែលរំពឹងថាប្រកាសចេញគឺជាប្រភេទអគ្គិសនីសុទ្ធនៃម៉ូដែល GranTurismo ដែល​មាន​ឈ្មោះ​ថា Folgore ដោយមកទល់ពេលនេះនៅមិនទាន់មានដំណឹងច្រើនអំពីវានៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla ត្រូវក្រុមហ៊ុន Stellantis ផ្ដួលបានសម្រេចលើទីផ្សារអឺរ៉ុប

[ទីផ្សារបរទេស] ក្រុមហ៊ុន Stellantis កំពុងតែរកចម្រើនឆ្ពោះទៅមុខខ្លាំង​ជាមួយ​ការ​លក់​រថយន្តអគ្គិសនី ដោយក្រុមហ៊ុន​នេះ​បាន​ផ្ដួល​ Tesla នៅក្នុងឆមាសទីមួយ សម្រាប់ការលក់ក្នុងទីផ្សារអឺរ៉ុប ហើយថែម​ទាំងតាមពីក្រោយក្រុមហ៊ុន Volkswagen Group យ៉ាងប្រកិតទៀតផង។

ក្រុមហ៊ុនដែលកើតចេញពីការ​រួមបញ្ចូលគ្នារវាង PSA Group និង Fiat Chrysler Automobiles នេះ អាចលក់រថយន្ត​អគ្គិសនី​សុទ្ធ​បាន​សរុប ១០៥ ៤១៣គ្រឿង នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២ ធៀបនឹង Tesla លក់បាន ៧៨ ២៧៧គ្រឿង និង Volkswagen Group លក់បាន ១១៦ ៣០៧គ្រឿង។

រថយន្តដែលលក់ដាច់ជាងគេរបស់ Stellantis នៅទីផ្សារអឺរ៉ុបគឺរថយន្ត Fiat 500 ស៊េរីថ្មី​ដែល​វាក៏ជារថយន្ត​អគ្គិសនី​សុទ្ធ​លក់​ដាច់​ជាងគេនៅអឺរ៉ុបប្រចាំត្រីមាសទីពីរផងដែរ។ នេះជាការកត់ត្រាលើកដំបូងដែលរថយន្តរបស់ Tesla មិន​បាន​ជាប់​ជា​រថយន្ត​លក់​ដាច់​ជាងគេចាប់តាំងពីត្រីមាស​ចុងក្រោយនៃឆ្នាំ២០២០មក។

ទោះបីជាចំនួនលក់របស់ Tesla នៅអឺរ៉ុបបានធ្លាក់ចុះដល់ចំណុចទាបបំផុតក្នុងពេលពីរឆ្នាំ ប៉ុន្តែ​រថយន្ត​ Tesla បាន​ជាប់​ចំណាត់​ថ្នាក់​កំពូលទាំងពីរប្រចាំ​ឆមាស​ដំបូងនៅអឺរ៉ុប ដោយរថយន្ត Model Y លក់ចេញបាន ៣៩ ៩៦៩គ្រឿង, Model 3 លក់​ចេញ​បាន ៣៨ ២៨០​គ្រឿង, Fiat 500 លក់ចេញបាន ៣២ ៣១៥គ្រឿង និង Peugeot e-208 លក់ចេញបាន ២១ ៩១៨គ្រឿង៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចង់ដឹងគេគណនាតម្លៃពន្ធឡាននៅកម្ពុជាយ៉ាងម៉េច? នេះជារូបមន្តគណនា (មានឧទាហរណ៌)

កាលពីថ្ងៃទី ១៦ ខែកុម្ភៈ និងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ យើងធ្លាប់បានសរសេរចែករំលែកអត្ថបទ ២ គឺមាន៖ នេះជាតារាងសង្ខេបបន្ថយអត្រាអាករពិសេសលើរថយន្ត បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចុះអត្រាអាករពិសេស និង នេះជារូបមន្តគណនា តម្លៃពន្ធឡាន នៅកម្ពុជា! (មានឧទាហរណ៌)។ ទោះជាយ៉ាងនេះក្តី ថ្ងៃនេះយើងសូមធ្វើការបង្ហាញរូបមន្តនៃការគណនាពន្ធរថយន្ត ដែលត្រូវបាននាំចូលមកលក់នៅកម្ពុជាម្តងទៀត ដែលមានដូចខាងក្រោម សម្រាប់ជាជំនួយដល់បងប្អូនយើង ដែលមានបំណងចង់ដឹង ថាតើ ពន្ធរថយន្តត្រូវបានគណនាយ៉ាងដូចម្ត៉េចខ្លះ ហើយនេះជាអ្វីដែលបងប្អូនយើងអាចមើលជាគោល អំពីការគណនា។ ដោយសារតែពន្ធ​ និងអាករលើទំនិញនាំចូល​ នាំចេញ ដែលត្រូវបាន​គណនាតាមវិធីសាស្ត្រ លើរូបមន្តរបស់ទំនិញទូរទៅ ប៉ុន្តែក៏ត្រូវឯកសារជំនួយលើតារាងបន្ថយអត្រាអាករពិសេស ដោយអនុលោមតាមអនុក្រឹត្យលេខ ១៨ អនក្រ.បក ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ស្ដីពីការកែសម្រួលអត្រាអាករពិសេសលើមុខទំនិញរថយន្តមួយចំនួន។

ប្រភព៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
ប្រភព៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា

ការគណនាប្រាក់ពន្ធ​ អាករ​ ត្រូវគណនា​តាមលំដាប់លំដោយ​ ជាដំបូងត្រូវគណនាពន្ធនាំចូល​ អាករពិសេស​ (បើមាន)​ និងអាករលើតម្លៃបន្ថែម។​

ពន្ធនាំចូល​ = តម្លៃគិតពន្ធគយ​ x អត្រាពន្ធនាំចូល
អាករពិសេស​ = (តម្លៃគិតពន្ធគយ​ + ពន្ធនាំចូល​) x អត្រាអាករពិសេស
អាករលើតម្លៃបន្ថែម​ = (តម្លៃគិតពន្ធគយ​ + ពន្ធនាំចូល​) x ១០%​ (ចំពោះទំនិញទូទៅ​មិនជាប់អាករពិសេស)
ឬ = (តម្លៃគិតពន្ធគយ​ + ពន្ធនាំចូល​ + អាករពិសេស) x ១០%​ (ចំពោះទំនិញទូទៅ​)

ប្រាក់ពន្ធ​ និងអាករសរុប​ = ពន្ធនាំចូល​ + អាករលើតម្លៃបន្ថែម​ (ចំពោះទំនិញទូទៅ​មិនជាប់អាករពិសេស) ឬ = ពន្ធនាំចូល​ + អាករពិសេស​ + អាករលើតម្លៃបន្ថែម​ (ចំពោះទំនិញទូទៅ​ជាប់អាករពិសេស)

ប្រសិនបើបងប្អូន ចង់មើលលម្អិតអាចចុចទៅកាន់ទំព័រដើមរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយចុចទីនេះ!

រូបភាពតំណាងរថយន្ត Toyota Prius 2012

ឧទាហរណ៍៖ យើងទិញឡានពីអាមេរិច Prius 2012 តម្លៃ $11,600 ជាថ្លៃដើម ដែលយើងអោយឈ្មោះថា តម្លៃគិតពន្ធគយ (មិនទាន់បូកថ្លៃដឹកជញ្ជូន និងសេវាកម្មផ្សេងៗរបស់ភ្នាក់ងារ) ហើយសម្រាប់ពន្ធនាំចូលគឺ ៣៥% អត្រាអករពិសេសថ្មីបន្ទាប់ពីការកែសម្រួលសម្រាប់ Hybrid ៥០% (Prius ម៉ាស៊ីន 1.8L ប្រហែល 1,798cc)។
❓ ការគណនាពន្ធ ឬយើងហៅថា ប្រាក់ពន្ធ​ និងអាករសរុប​ = ពន្ធនាំចូល​ + អាករពិសេស​ + អាករលើតម្លៃបន្ថែម​
ប៉ុន្តែដើម្បីបានពន្ធនីមួយៗមានរូបមន្ត៖
➡️ ពន្ធនាំចូល​ = តម្លៃគិតពន្ធគយ​ x អត្រាពន្ធនាំចូល
➡️ អាករពិសេស​ = (តម្លៃគិតពន្ធគយ​ + ពន្ធនាំចូល​) x អត្រាអាករពិសេស
➡️ អាករលើតម្លៃបន្ថែម​ = (តម្លៃគិតពន្ធគយ​ + ពន្ធនាំចូល​ + អាករពិសេស) x ១០%​ (ចំពោះទំនិញទូទៅ​)
❓ចឹងយើងអាចធ្វើការគណនា៖
➡️ ពន្ធនាំចូល = 11,600 x 35% = 4,060
➡️ អាករពិសេស = (11,600 + 4,060) x 50% = 7,830
➡️ អាករលើតម្លៃបន្ថែម = (11,600 + 4,060 +7,830) x 10% = 2,349
✅ ប្រាក់ពន្ធ​ និងអាករសរុប​ = 4,060 + 7,830 + 2,349 = $14,239
ហេតុនេះ យើងត្រូវបង់ពន្ធសរុប = $14,239

ទាំងនេះគ្រាន់តែជាគណនាពន្ធឧទាហរណ៌តែប៉ុណ្ណោះ ដូច្នេះដើម្បីបានតម្លៃឡានចេញលក់លើទីផ្សារ គឺត្រូវមានការគណនាលើការដឹកជញ្ជូន សេវាផ្សេងៗ ប្រាក់ចំនេញរបស់ក្រុមហ៊ុននាំចូល ថ្លៃកម្មសិទ្ធបញ្ញាលើម៉ាក់សញ្ញា និងបំរែបំរួលពន្ធ (ប្រសិនបើមាន) មួយទៀត។ ប្រសិនបើ បងប្អូនមានកន្លែងណា គិតថាមិនត្រឹមត្រូវ សូមជួយណែនាំផង ព្រោះនេះគ្រាន់តែជាការសិក្សាស្រាវជ្រាវប៉ុណ្ណោះ ក្នុងករណីមានកន្លែងខុសឆ្គង ឬមានករណីប្រែប្រួលណាមួយពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមមេត្តាអធ្យាស្រ័យ។ ***** យើងខ្ញុំសូមមិនទទួលខុសត្រូវ លើករណីណាមួយដែលបានកើតឡើងជាយថាហេតុ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GMC បញ្ចេញរូបភាព Teaser នៃភីកអាប់ GMC Canyon ២០២៣ ថ្មី មុនពេលបង្ហាញខ្លួនជាផ្លូវការអាទិត្យក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត GMC បានធ្វើការដាក់បញ្ចេញនៅរូបភាព Teaser នៃរថយន្តភីកអាប់ GMC Canyon ស៊េរីឆ្នាំ ២០២៣ គ្រោងនឹងបង្ហាញខ្លួននៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២២។ ដើម្បី​បង្កើត​ភាព​ដ៏ទាក់ទាញ​សម្រាប់​រថយន្ត​ភីកអាប់ថ្មី​នេះ ដោយក្រុមហ៊ុនផលិត​រថយន្ដបាន​បង្ហាញ​ពី​ផ្នែក​ខាង​មុខ​នៃ​ AT4X trim ជាមួយ​កញ្ចប់ Edition 1 package។

តាមរូបភាព teaser បានបង្ហាញពីចង្កៀងមុខប្រភេទ split lighting របស់ Canyon AT4X ជាមួយនឹងភ្លើងដែលកំពុងដំណើរការនៅផ្នែកខាងលើដែលលាតសន្ធឹងទៅផ្នែកខាងក្រោម។ ប៉ាណាមុខមានពណ៌ខ្មៅជាមួយនឹងរាងអក្សរ U និង X-like ជាប់ជាមួយរបារនៅខាងមុខកាង និងរបារ Safari ដែលមានពន្លឺដូចដែលមាននៅលើភីកអាប់ Colorado ZR2 Desert Boss។

ក្នុងនោះ GMC មិននិយាយច្រើនអំពីម៉ូដែលនេះទេ ប៉ុន្តែបានកត់សម្គាល់ថាម៉ូដែលនេះត្រូវបានបំពាក់ផ្តាច់មុខដោយម៉ាស៊ីនចំណុះ ២,៧ លីត្រ  turbocharged ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ២៣៧ សេះ និងកម្លាំងរមួល ៣៥១​ ញ៉ូតុនម៉ែត្រ។ ខណៈ ប្រភេទ mid-level អាចផលិតកម្លាំងបាន ៣១០ សេះ និងកម្លាំងរមួល ៥២៨ ញ៉ូតុនម៉ែត្រ និងចុងក្រោយ AT4X និងអាចជា Denali ដែលផលិតបាន ៣១០ សេះ និងកម្លាំងរមួល ៥៨២ ញ៉ូតុនម៉ែត្រ ។

គួរបញ្ជាក់ផងដែរថា ព័ត៌មានលម្អិតនឹងត្រូវបានចេញផ្សាយនៅសប្តាហ៍ក្រោយ ប៉ុន្តែ GMC បាននិយាយថា Canyon AT4X ជាមួយនឹងកញ្ចប់ Edition 1 នឹងមានសម្រាប់ការកក់ទុកនៅពេលរថយន្តនេះដាក់បង្ហាញជាផ្លូវការ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនដល់ ១ខែផង Suzuki Grand Vitara ទទួលបានកាកកក់ទុកមុនជាង ២០ ០០០​ គ្រឿង

[ទីផ្សារបរទេស] កាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២២ រថយន្ត Maruti Suzuki Grand Vitara បានបង្ហាញខ្លួនជាផ្លូវការ ជារថយន្តប្រភេទ SUV ខ្នាតកណ្តាល ហើយបច្ចុប្បន្នមានការកក់ទុកមុនជាង ២០ ០០០​ គ្រឿង ក្នុងរយៈពេលតមិនដល់មួយខែ នៅក្នុងប្រទេសឥណ្ឌា។

Suzuki Grand Vitara បានប្រើប្រាស់គ្រោងឆ្អឹង Global C-platform និងមានប្រវែងសរុប ៤ ៣៤៥ ម.ម ទទឹង ១ ៧៩៥ ម.ម កំពស់ ១ ៦៤៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦០០ ម.ម ។ ដោយភ្ជាប់មកជាមួយចង្កៀងមុខ LED ប្រភេទ split-headlight អបជាមួយអំពូលបំភ្លឺពេលថ្ងៃ អំពូលកាត់អ័ព្ទ LED, ប៉ាណាខាងមុខតុបតែងដោយក្រូម៉េ, ថាសកង់ស្ព័រទំហំ ១៧ អ៊ីញ និងចង្កៀងក្រោយប្រភេទ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង។

ចំណែកនៅផ្នែកខាងក្នុងរបស់ Grand Vitara បានរតុបតែងដោយពូកស្បែកពីរពណ៌ សម្រាប់កៅអី ផ្ទៃតាប៊្លូ និងកុងសូលកណ្តាលត្រូវបានស្រោបដោយអាលុយមីញ៉ូម។ កុងទ័រព័ត៌មានឌីជីថលទំហំ ៧ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៩ អ៊ីញ ភ្ជាប់មុខងារ Android Auto និង Apple CarPlay ជាមួយនឹង Suzuki Connect ចុងក្រោយបង្អស់។

រថយន្តនេះដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ជាមួយជម្រើសម៉ាស៊ីនប្រភេទ Mild-Hybrid ផលិតកម្លាំងបាន ១០១សេះ កម្លាំងរមួល ១៣៧ញ៉ូតុនម៉ែត្រ និងប្រភេទ Intelligent Electric Hybrid ដំណើរការរួមគ្នាដោយ ម៉ូទ័រអគ្គិសនីកម្លាំង ៤៩គីឡូវ៉ាត់ម៉ោង និងអាគុយលីចូម ដែលអាចផលិតកម្លាំងបាន ១១៤សេះ ភ្ជាប់ជាមួយប្រអប់លេខដៃ ៥ វគ្គ និងអូតូ ៦ វគ្គ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+