Rolls-Royce បង្កើតបានកំណត់ត្រាលក់ថ្មី មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ១១៧ឆ្នាំ

[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្តប្រណីត Rolls-Royce ហាក់មានលទ្ធផលលក់មិនចាញ់ Bentley ប៉ុន្មានឡើយ ដោយសរុបពេញមួយឆ្នាំ២០២១កន្លងទៅ ក្រុមហ៊ុនអង់គ្លេសមួយនេះសាងបានកំណត់ត្រាលក់មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ១១៧ឆ្នាំរបស់ខ្លួន។

កាលពីឆ្នាំកន្លងទៅ Rolls-Royce អាចដឹកជញ្ជូនរថយន្តទៅដល់អតិថិជននៅជុំវិញពិភពលោកបានចំនួន ៥ ៥៨៦គ្រឿង ដែលនេះជាចំនួនលក់ប្រចាំខ្ពស់ជាងគេបំផុតរបស់ខ្លួន។ រឹតតែអស្ចារ្យនោះគឺចំនួនលក់នេះគឺមានកំណើន ៤៩% ធៀបនឹងឆ្នាំ២០២០ ហើយក្នុងនោះប្រទេសចិន, អាមេរិក និងអាស៊ីប៉ាស៊ីហ្វិក សុទ្ធតែសាងបានកំណត់ត្រាលក់ថ្មីមិនធ្លាប់មាន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Rolls-Royce មិនបាននិយាយលម្អិតច្រើននោះទេអំពីលទ្ធផលលក់ ប៉ុន្តែបាននិយាយថារថយន្ត Ghost និង Cullinan ជាចំណែកដ៏ធំមួយក្នុងកំណើននៃការលក់នេះ ខណៈដែលរថយន្ត Phantom ក៏លក់ដាច់បានច្រើនណាស់ដែរ ដោយការកុម្ម៉ង់រថយន្តនេះបានពេញរហូតដល់ត្រីមាសទីបីនៃឆ្នាំ២០២២។

គួរចាប់អារម្មណ៍ផងដែរថា កម្មវិធីរថយន្តប្រើប្រាស់រួចរបស់ Rolls-Royce ក៏ទទួលបានលទ្ធផលលក់យ៉ាងគាប់ប្រសើរកាលពីឆ្នាំមុន ដោយសាងបានកំណត់ត្រាថ្មីដូចគ្នា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម