រថយន្ត Rolls-Royce Ghost ជំនាន់ទីពីរ ដែលដាក់លក់ជាស៊េរីឆ្នាំ ២០២១ បានបង្ហាញវត្តមានជាផ្លូវការ ជាមួយរចនាបថរូបរាងដែលកាន់តែទាក់ទាញ និងបានពាំនាំមុខងារថ្មីៗមួយចំនួនមកជាមួយផងដែរ។
រូបរាងខាងក្រៅរបស់រថយន្ត Ghost ជំនាន់ថ្មី មិនបានផ្លាស់ប្ដូរខុសពីជំនាន់មុនខ្លាំងប៉ុន្មានឡើយ ប៉ុន្តែគេបានកែខៃឲ្យវាមើលទៅលេចធ្លោជាងរថយន្តជំនាន់មុន។ នៅផ្នែកខាងមុខមានបំពាក់ផ្ទាំងប៉ាណាថ្មីដែលមានបំពាក់ដោយភ្លើង LED ចំនួន ២០គ្រាប់នៅផ្នែកខាងក្នុង ជួយឲ្យប្រឡោះនៃផ្ទាំងប៉ាណាលេចធ្លោ។ រថយន្ត Ghost ថ្មីក៏មានបំពាក់ភ្លើង LED និងភ្លើងបំភ្លឺផ្លូវប្រភេទឡាស៊ែរ ចំណែកនៅខាងក្រោយមានបំពាក់អំពូលភ្លើងម៉ូដថ្មីផងដែរ។
រថយន្ត Ghost ជំនាន់ថ្មីមានប្រើប្រាស់គ្រោងឆ្អឹងអាលុយមីញ៉ូមដែលមានភាពបត់បែនល្អដូចជារថយន្ត Phantom និង Cullinan ដែរ។ វាមានបំពាក់ដោយម៉ាស៊ីន ៦,៧៥លីត្រ V12 ជាប្រភេទ Twin-Turbocharged ដែលផលិតកម្លាំងបាន ៥៦៣សេះ ហើយវាមានប្រព័ន្ធទប់ខ្យល់ដ៏ពិសេសដែលអាចកាត់បន្ថយសំឡេងម៉ាស៊ីនមិនឲ្យឮចូលដល់ខាងក្នុង។
មុខងារដ៏ច្នៃប្រឌិតមួយក្នុងចំណោមមុខងារពិសេសលើរថយន្ត Ghost ជំនាន់ថ្មីគឺប្រព័ន្ធបូម Planar Suspension System។ ប្រព័ន្ធបូមនេះគឺជាលទ្ធផលនៃការសាកល្បង និងអភិវឌ្ឍន៍១០ឆ្នាំរបស់ Rolls-Royce ដែលវាប្រើប្រាស់កាមេរ៉ាដើម្បីមើលសភាពផ្លូវខាងមុខ ហើយត្រៀមផ្លាស់ប្ដូរលក្ខណៈនៃបូមទៅតាមស្ថានភាពផ្លូវតែម្ដង។
មុខងារពិសេសផ្សេងទៀតមានដូចជាប្រព័ន្ធជំនួយដល់ការមើលផ្លូវទាំងពេលថ្ងៃ និងពេលយប់, ប្រព័ន្ធកាមេរ៉ា៤គ្រាប់អាចមើលឃើញជុំវិញរថយន្ត, មុខងារ Active Cruise Control, មុខងារព្រមានពីការប៉ះទង្គិច, មុខងារតម្រង់គន្លងផ្លូវពេលបើកបរ, មាន Wi-Fi Hotspot និងមុខងារចូលចតដោយខ្លួនឯងជាដើម។
គួរដឹងថារថយន្ត Rolls-Royce Ghost ស៊េរីឆ្នាំ ២០២១ មានដាក់លក់លើទីផ្សារសហរដ្ឋអាមេរិកជាមួយតម្លៃចាប់ពី ៣៣២ ៥០០ ដុល្លារ៕