SUV ភ្នែកតូចថ្មីរបស់ Alfa Romeo នឹងចេញលក់ឆ្នាំ ២០២០

បច្ចុប្បន្ន​នេះ រថយន្ត SUV ខ្នាត​តូច​កំពុង​មាន​ប្រជាប្រិយភាព​ខ្លាំង ដូច​ជា Audi Q3, BMW X1, Cadillac XT4, Infiniti QX30, Jaguar E-Pace, Lexus UX, Mercedes GLA និង Volvo XC40 ជា​ដើម។ ទោះ​បី​ជា Alfa Romeo ហាក់​យឺត​ពេល​បន្តិច​ក្នុង​ការ​បញ្ចេញ SUV ខ្នាត​តូច​របស់​ខ្លួន ប៉ុន្តែ​ក្រុមហ៊ុន​អ៊ីតាលី​មួយ​នេះ​បាន​បញ្ជាក់​ហើយ​ថា ម៉ូដែល Tonale Concept នឹង​ផលិត​លក់​នៅ​ឆ្នាំ ២០២០ តែម្តង។

បើ​ទោះ​បី​​វា​ជា​គំរូ​រថយន្ត​ក្តី ប៉ុន្តែ​អ្នក​នាំពាក្យ​របស់​ក្រុមហ៊ុន Alfa Romeo បាន​និយាយ​ថា “គោលបំណង​ក្នុង​ការ​នាំ​វា​ចូល​សង្វាក់​ផលិតកម្ម គឺ​មិន​ផ្លាស់ប្តូរ​ឡើយ។ វា​នឹង​មាន​លក់​ក្នុង​ឆ្នាំ ២០២០ ខាង​មុខ​នេះ”។

ពាណិជ្ជកម្ម

គំរូ​រថយន្ត Alfa Romeo Tonale ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ស្រស់ស្អាត និង​ទាក់ទាញ ជា​ពិសេស​ទាន់សម័យ និង​ស៊ីវីល័យ​ខ្លាំង ស័ក្កិសម​នឹង​តម្រូវការ​ទីផ្សារ​បច្ចុប្បន្ន។ រូបរាង​ទាំង​ផ្នែក​ខាង​មុខ ក្រោយ និង​ចំហៀង​របស់​វា សុទ្ធសឹងតែ​ល្អឥតខ្ចោះ ខណៈ​វា​ជា DNA របស់ Alfa Romeo ស្រាប់​តែម្តង។

ក្រុមហ៊ុន Alfa Romeo ​បញ្ជាក់​ថា ម៉ូដែល Tonale នឹង​ប្រើ​ម៉ូទ័រ​អគ្គិសនី​មួយ គួបផ្សំ​ជាមួយម៉ាស៊ីន​សាំង​ចំណុះ ១,៣ លីត្រ មាន​កម្លាំង​សរុប ២៤០ សេះ ដំណើរការដោយ​ប្រព័ន្ធ​បើកបរ​ប៉ុង​ពីរ eAWD។ ក្រុមហ៊ុន​រថយន្ត​អ៊ីតាលី​ខាងលើ​ក៏​មាន​គម្រោង​បន្ថែម​ម៉ូដែល Hybrid, Plug-in Hybrid និង E-Booster (Mild Hybrid) លើ​ម៉ូដែល Tonale ផង​ដែរ៕

Sponsored