បច្ចុប្បន្ននេះ រថយន្ត SUV ខ្នាតតូចកំពុងមានប្រជាប្រិយភាពខ្លាំង ដូចជា Audi Q3, BMW X1, Cadillac XT4, Infiniti QX30, Jaguar E-Pace, Lexus UX, Mercedes GLA និង Volvo XC40 ជាដើម។ ទោះបីជា Alfa Romeo ហាក់យឺតពេលបន្តិចក្នុងការបញ្ចេញ SUV ខ្នាតតូចរបស់ខ្លួន ប៉ុន្តែក្រុមហ៊ុនអ៊ីតាលីមួយនេះបានបញ្ជាក់ហើយថា ម៉ូដែល Tonale Concept នឹងផលិតលក់នៅឆ្នាំ ២០២០ តែម្តង។
បើទោះបីវាជាគំរូរថយន្តក្តី ប៉ុន្តែអ្នកនាំពាក្យរបស់ក្រុមហ៊ុន Alfa Romeo បាននិយាយថា “គោលបំណងក្នុងការនាំវាចូលសង្វាក់ផលិតកម្ម គឺមិនផ្លាស់ប្តូរឡើយ។ វានឹងមានលក់ក្នុងឆ្នាំ ២០២០ ខាងមុខនេះ”។
គំរូរថយន្ត Alfa Romeo Tonale ត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត និងទាក់ទាញ ជាពិសេសទាន់សម័យ និងស៊ីវីល័យខ្លាំង ស័ក្កិសមនឹងតម្រូវការទីផ្សារបច្ចុប្បន្ន។ រូបរាងទាំងផ្នែកខាងមុខ ក្រោយ និងចំហៀងរបស់វា សុទ្ធសឹងតែល្អឥតខ្ចោះ ខណៈវាជា DNA របស់ Alfa Romeo ស្រាប់តែម្តង។
ក្រុមហ៊ុន Alfa Romeo បញ្ជាក់ថា ម៉ូដែល Tonale នឹងប្រើម៉ូទ័រអគ្គិសនីមួយ គួបផ្សំជាមួយម៉ាស៊ីនសាំងចំណុះ ១,៣ លីត្រ មានកម្លាំងសរុប ២៤០ សេះ ដំណើរការដោយប្រព័ន្ធបើកបរប៉ុងពីរ eAWD។ ក្រុមហ៊ុនរថយន្តអ៊ីតាលីខាងលើក៏មានគម្រោងបន្ថែមម៉ូដែល Hybrid, Plug-in Hybrid និង E-Booster (Mild Hybrid) លើម៉ូដែល Tonale ផងដែរ៕