បន្ទាប់ពីអវត្តមានប៉ុន្មានឆ្នាំកន្លងមក ពេលនេះក្រុមហ៊ុន Suzuki បានត្រលប់មកទីផ្សារប្រទេសម៉ាឡេស៊ីវិញជាមួយនិងរថយន្ត Suzuki Swift Sport ជំនាន់ទី៣ តាមរយៈភ្នាក់ងារចែកចាយថ្មីរបស់ខ្លួនគឺក្រុមហ៊ុន Nazda Eastern Motors ។
តម្លៃលក់របស់ Suzuki Swift Sport ថ្មីត្រូវបានគេរំពឹងថានឹងមានតម្លៃប្រហែល ១៤៥,០០០RM (៣៥ ០០០ ដុល្លារ) ដែលតម្លៃនេះថ្លៃជាងជំនាន់មុនជិត ៥០% ។ រថយន្ត Suzuki Swift ជំនាន់ទី ២ ត្រូវបានដាក់លក់ក្នុងឆ្នាំ ២០១៣ នៅប្រទេសម៉ាឡេស៊ីតម្លៃចាប់ពី ២៣ ៦៣០ ដល់ ២៤ ៨៣៧ ដុល្លារ។
សម្រាប់ជំនាន់ទី៣នេះ វាត្រូវបានផលិតឡើងដោយផ្អែកលើ Heartect Platform ដែលមានទម្ងន់ត្រឹមតែ ៩៧០គីឡូក្រាម។ ហើយសម្រាប់ប្រទេសម៉ាឡេស៊ី វាដំណើរការដោយម៉ាស៊ីនចំណុះ ១,៤លីត្រ K14C មានកម្លាំង ១៣៨សេះ កម្លាំងរមួល ២៣០ញ៉ូតុនម៉ែត្រ។
វាត្រូវបាននាំចូលពីប្រទេសជប៉ុន ជាមួយចំនូនមានកំណត់ ព្រមទាំងមានជម្រើស ៦ពណ៌ គឺ ពណ៌មាស, ក្រហម, ខៀវ, ស, ប្រាក់, ប្រផេះ និងផ្នែកខាងក្នុងពណ៌ខ្មៅ៕