Tesla លក់ឡានបានច្រើនជាងមុន ប៉ុន្តែទាបជាងការរំពឹងរបស់អ្នកវិភាគ

[ទីផ្សារបរទេស] ការលក់រថយន្តរបស់ Tesla ប្រចាំត្រីមាសទីបីនៃឆ្នាំ២០២២នេះ ទទួលបានលទ្ធផលទាប​ជាង​ការ​រំពឹងទុក​របស់​អ្នក​វិភាគ ប៉ុន្តែនៅតែច្រើនជាងមុន បើធៀបនឹងត្រីមាសទីបីនៃឆ្នាំ២០២១។

ក្នុងត្រីមាសទីបីនៃឆ្នាំនេះ Tesla អាចផលិតរថយន្តបានសរុប ៣៦៥ ៩២៣គ្រឿង និងដឹករថយន្តជូនអតិថិជនបាន ៣៤៣ ៨៣០​គ្រឿង។ ក្នុងចំណោម​រថយន្តដែលផលិតបាន មាន​រថយន្ត ១៩ ៩៣៥គ្រឿង គឺជា Model S និង Model X ឯរថយន្ត​ចំនួន ៣៤៥ ៩៨៨​គ្រឿង ទៀតគឺជា Model 3 និង Model Y។ សម្រាប់​ការដឹក​ជញ្ជូន​វិញ មាន​រថយន្ត ១៨ ៦៧២គ្រឿង គឺជា Model S និង Model X ហើយរថយន្ត ៣២៥ ១៥៨គ្រឿង គឺជា Model 3 និង Model Y។

ពាណិជ្ជកម្ម

ដើម្បីជាការប្រៀបធៀប Tesla អាចផលិតរថយន្តបាន ២៣៧ ៨២៣គ្រឿង ក្នុងត្រីមាសទីបីនៃឆ្នាំ២០២១ ដោយដឹក​ជញ្ជូន​បាន​ចំនួន ២៤១ ៣០០គ្រឿង ផងដែរ។

Tesla និយាយ​ថា​ខ្លួនមានបញ្ហា​ក្នុង​ការ​ដឹក​ជញ្ជូន​រថយន្ត​នៅ​ពេញមួយត្រីមាសទីពីរនៃឆ្នាំ២០២២នេះ ដែលជាលទ្ធផល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តួលេខ​របស់​ខ្លួន។ Tesla មិនមែនត្រូវបារម្ភតែលើការផលិត និងការដឹកនោះទេ ប៉ុន្តែក៏ត្រូវបារម្ភ​ចំពោះ​ការ​ដំឡើងថ្លៃ​រថយន្ត ដែល​អ្នកវិភាគ​ជឿជាក់​ថានឹង​ធ្វើឲ្យមានការប៉ះពាល់កាន់តែខ្លាំង។

គួរដឹងថា Tesla ចង់​បង្កើនការដឹកជញ្ជូនឲ្យបាន ៥០% ជារៀងរាល់ឆ្នាំ ហើយដើម្បីសម្រេចផែនការសម្រាប់​ឆ្នាំ​២០២២នេះ ក្រុមហ៊ុន​នឹងត្រូវដឹក​ជញ្ជូន​រថយន្តឲ្យបានលើសពី ៤៥ម៉ឺនគ្រឿង នៅក្នុងរយៈពេល៣ខែចុងក្រោយនៃឆ្នាំ២០២២៕

Sponsored