Tesla កំពុងស៊ើបអង្កេតរឿងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដែលពាក់ព័ន្ធនឹង Model Y (មានវីដេអូ)

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Tesla បានធ្វើការនិយាយថា ក្រុមហ៊ុននឹងធ្វើការជួលប៉ូលីសចិនក្នុងការស៊ើបអង្កេតរបស់ពួកគេអំពីគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដែលពាក់ព័ន្ធនឹងរថយន្ត Tesla Model Y បណ្តាលឲ្យមនុស្ស ២ នាក់បានស្លាប់ និង ៣នាក់ទៀតរងរបួសនៅក្នុងគ្រោះថ្នាក់ដ៏ចម្លែកដែលបានកើតឡើងកាលពីថ្ងៃទី ៥ ខែវិច្ឆិកា នៅក្នុងប្រទេសចិននៅពេលដែលអ្នកបើកបរត្រូវបានចោទប្រកាន់ថាបានបាត់បង់ការគ្រប់គ្រងលើរថយន្តអគ្គិសនីនេះ។

វីដេអូនៃឧបទ្ទវហេតុនេះបានក្លាយជាប្រធានបទពេញនិយមបំផុតមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Weibo តាមវីដេអូខាងក្រោមបានបង្ហាញ Model Y បានត្រៀមឈប់ចតនៅជំហៀងនៃផ្លូវ ប៉ុន្តែស្រាប់រថយន្តបង្កើនល្បឿនភ្លាមៗ អ្នក​បើក​បរ​ហាក់​ព្យាយាម​គេច​ពី​អ្នក​ដំណើរ​តាម​ដង​ផ្លូវ ខណៈ​រថយន្តបន្ត​បន្ថែម​ល្បឿន ហើយបានគៀរអ្នកជិះកង់ ហើយបន្តទៅបុករថយន្តផ្សេងទៀត និងចុងក្រោយបានទៅបុកអគារមួយយ៉ាងធ្ងន់ធ្ងរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយគ្នានេះ​ តាមរបាយការណ៍ពីគេហទំព័រ Jimu News បានបង្ហាញថា ប៉ូលីសក្រុង Chaozhou មិនទាន់កំណត់អត្តសញ្ញាណមូលហេតុនៃឧបទ្ទវហេតុនេះនៅឡើយទេ។ ក្នុងនោះ សមាជិកគ្រួសារម្នាក់ដែលមិនបញ្ចេញឈ្មោះរបស់អ្នកបើករថយន្តអាយុ ៥៥ ឆ្នាំត្រូវបានដកស្រង់សម្តីដែលនិយាយថា គ្រោះថ្នាក់នេះបណ្តាលមកពីបញ្ហាជាមួយនឹងឈ្នាន់ហ្វ្រាំង។

គួរឲ្យដឹងថា បញ្ហាឈ្នាន់ហ្វ្រាំង Tesla គឺជាប្រធានបទដ៏ក្តៅគគុកនៅក្នុងប្រទេសចិន ដោយមានអតិថិជនម្នាក់បានឡើងលើរថយន្តនៅឯពិព័រណ៍រថយន្តក្រុងសៀងហៃកាលពីឆ្នាំមុន ដើម្បីតវ៉ាពីរបៀបដែលក្រុមហ៊ុនដោះស្រាយការត្អូញត្អែររបស់គាត់អំពីការមិនដំណើរការនៃហ្វ្រាំង ដែលជាប់ពាក់ព័ន្ធក្នុងគ្រោះថ្នាក់ចរាចរណ៍របស់ពួកគេ។

ក្រុមហ៊ុនបានប្ដេជ្ញាថានឹងកែលម្អរបៀបដែលខ្លួនដោះស្រាយការតវ៉ារបស់អតិថិជនបន្ទាប់ពីករណីនោះ ប៉ុន្តែបាននិយាយថា ការបំពានលើល្បឿនគឺជាការបណ្តាលឲ្យគាត់មានគ្រោះថ្នាក់។ Tesla ក៏បានអះអាងកាលពីចុងសប្តាហ៍ថា ម្ចាស់ម្នាក់ទៀតត្រូវបានតុលាការបញ្ជាឲ្យសុំទោសជាសាធារណៈ និងផ្តល់សំណង បន្ទាប់ពីបានរកឃើញថាពាក្យបណ្តឹងរបស់គាត់អំពីបញ្ហាហ្វ្រាំងមិនស៊ីគ្នានឹងការពិតនៃករណីនេះ ដែលជាធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន Tesla ផងដែរ។

ក្រុមហ៊ុន Tesla បានអះអាងថា ក្នុងករណីនេះ ភ្លើងហ្វ្រាំងមិនបានបើកនៅក្នុងវីដេអូនៃឧបទ្ទវហេតុនេះទេ ហើយទិន្នន័យរបស់វាបានបង្ហាញថា មិនមានកំណត់ត្រានៃហ្វ្រាំងដែលត្រូវបានចាប់នៅទូទាំងឧប្បត្តិហេតុនោះទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម