Tesla បង្កើតកំណត់ត្រាលក់អស្ចារ្យជាថ្មីម្ដងទៀត

ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla ទើបបញ្ចេញរបាយការណ៍អំពីការផលិត និងការលក់ប្រចាំត្រីមាសឆ្នាំ ២០២១ របស់ខ្លួន ដែលរយៈពេល៣ខែកន្លងមក ក្រុមហ៊ុន Tesla បានបង្កើតកំណត់ត្រាដ៏អស្ចារ្យជាថ្មីម្ដងទៀត។

ចំនួនលក់ជាសកលរបស់ Tesla គឺមានចំនួន ១៨៤ ៨០០គ្រឿង គួបផ្សំដោយរថយន្ត Model Y, Model 3, Model S និងរថយន្ត Model X ដែលលទ្ធផលនេះគឺលើសពីការរំពឹងទុករបស់ Tesla។ លទ្ធផលលក់នេះគឺជាកំណត់ត្រាថ្មីមួយទៀតសម្រាប់ Tesla ដែលអាចយកឈ្នះកំណត់ត្រាចាស់កាលពីត្រីមាសទី៤ឆ្នាំ ២០២០ អាចលក់ចេញបាន ១៨០ ៥៧០គ្រឿង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់ត្រីមាសទី១ឆ្នាំ២០២១នេះ Tesla អាចបញ្ចេញលក់រថយន្ត Model 3 និង Model Y បាន ១៨២ ៧៨០គ្រឿង និងរថយន្ត Model S ជាមួយ Model X បញ្ចេញលក់បាន ២ ០២០គ្រឿង។

ចំណែកលទ្ធផលនៃការផលិតវិញគឺផលិតបានសរុប ១៨០ ៣៣៨គ្រឿង ប៉ុន្តែគួរបញ្ជាក់ថាក្រុមហ៊ុនមិនបានផលិតរថយន្ត Model S និង Model X នៅត្រីមាសទី១នេះទេ ដោយកំពុងត្រៀមផលិតស៊េរីថ្មីនៃរថយន្តទាំងពីរសម្រាប់បញ្ចេញលក់ចុងឆ្នាំនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម